Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសិក្ខាសាលាបូកសរុបការងារផ្តល់ថ្នាំបង្ការប្រចាំឆ្នាំ២០២៥ និងរៀបចំផែនការសម្រាប់ឆ្នាំ២០២៦
ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាបូកសរុបការងារផ្តល់ថ្នាំបង្ការប្រចាំឆ្នាំ២០២៥ និងរៀបចំផែនការសម្រាប់ឆ្នាំ២០២៦ នៅសណ្ឋាគារសុវណ្ណភូមិមុន្នី ខេត្តកំពង់ឆ្នាំង រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមការឧបត្ថម្ភថវិកាពីអង្គការ GAVI ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ ១) ពិភាក្សាលើបច្ចុប្បន្នភាពនៃការផ្តល់ថ្នាំបង្ការទូទាំងសកលលោក ២) បូកសរុបរបាយការណ៍ និងពិនិត្យឡើងវិញនូវការងារផ្តល់ថ្នាំបង្ការ ៣) ពិភាក្សាស្ថានភាពនៃការផ្ទុះជំងឺកញ្ជ្រឹល និងការឆ្លើយតប ៤) ធ្វើផែនការសម្រាប់ជំហានបន្ទាប់ឆ្នាំ ២០២៦ ៥) ការបង្ហាញលទ្ធផល សវនកម្មកម្មវិធីគម្រោងអង្គការ GAVI (GAVI program audit) ការវាយតម្លៃរួមកម្មវិធីផ្តល់ថ្នាំបង្ការ (Joint appraisal) ការវាយតម្លៃកម្មវិធីផ្តល់ថ្នាំបង្ការឆ្នាំ២០២៥ (NIP review 2025) និងការវាយតម្លៃការគ្រប់គ្រងវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព(EVM Assessment)។

កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ត្រូវបានចាត់ទុកជាការវិនិយោគលើវិស័យសុខភាពសាធារណៈ របស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាមរណៈភាព អត្រាឈឺ និងពិការភាពរបស់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យអត្រាគ្របដណ្តប់ផ្តល់ថ្នាំបង្ការទូទាំងប្រទេសទទួលបានលទ្ធផលជាង ៩០% ជារៀងរាល់ឆ្នាំស្ទើរតែគ្រប់មុខវ៉ាក់សាំងទាំងអស់។

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានខិតខំប្រឹងប្រែងកន្លងមក ដែលសមិទ្ធផលទាំងនេះជាគុណបំណាច់ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតាមរយៈការចូលរួមយ៉ាងសកម្មពីអង្គការដៃគូអភិវឌ្ឍន៍។ 

ក្នុងឱកាសនោះដែរលោកជំទាវរដ្ឋលេខាធិការ ក៏បានក្រើនរំលឹក ដល់លោក លោកស្រីប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ ចាំបាច់ត្រូវយកចិត្តទុកដាក់ការពារទារក និងកុមារ ឱ្យជៀសផុតពីជំងឺដែលអាចការពារបានដោយវ៉ាក់សាំង និងខិតខំបន្តអប់រំ ផ្សព្វផ្សាយដល់ឪពុក ម្តាយ និងអាណាព្យបាលឱ្យនាំកូនៗ មកទទួលវ៉ាក់សាំងឱ្យបានគ្រប់មុខ និងគ្រប់ដូសតាមប្រតិទិនរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានស្នើដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួម ដោយផ្អែកលើបញ្ហាប្រឈមជាក់ស្តែងនានាដែលបានជួបប្រទះក្នុងអំឡុងពេលកន្លងមក សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអនុវត្តនៅឆ្នាំបន្ទាប់។  

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិកាក្រសួងសុខាភិបាល Dr. Richard Duncan, WHO WPRO VDI coordinator, លោកស្រី សូ ណារី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលគាំពារមាតានិងទារក និងលោក លោកស្រីតំណាងឃ្លាំងឱសថកណ្តាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ និងប្រធានគណនេយ្យទាំង២៥ រាជធានី ខេត្ត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការប្រចាំតំបន់ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ រួមមាន WHO, UNICEF, CHAI , RHAC, KHANA, និង Plan International Cambodia ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19