Cambodia
ព័ត៌មានលំអិត

Image
«ការថែទាំសុខភាពបឋម គឺជាជាអាទិភាពអាយុជីវិតយូរអង្វែង ជាមូលដ្ឋានគ្រឹះពិតប្រាកដរបស់សុខាភិបាល ដែលមិនអាចខ្វះបាន និងមិនមានពេលវេលារង់ចាំបាន សំដៅធានាធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋដោយផ្តោតលើតម្រូវការរបស់គាត់ជាដំបូងបង្អស់។ កិច្ចការនេះ គឺជាកិច្ចការសម្រាប់ទាំងអស់គ្នា។» រដ្ឋលេខាធិការ រំលឹកប្រសាសន៏ រដ្ឋមន្ត្រីសុខាភិបាល សាស្ត្រាចារ្យ ឈាង រ៉ា ចំពោះមុខប្រតិភូអង្គការសុខភាពពិភពលោក។
ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៥

ទីស្តីការក្រសួងសុខាភិបាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអនុញាតឱ្យអ្នកជំនាញបច្ចេកទេសនៃអង្គការសុខភាពពិភពលោក ដែលមានបេសកកម្មមកប្រទេសកម្ពុជា ធ្វើបទបង្ហាញពីលទ្ធផលនៃការប្រមូលទិន្នន័យលើគម្រោងស្វែងយល់សុីជម្រៅ សម្រាប់ការវិភាគស្ថានភាព នៅក្នុងស្រុកប្រតិបត្តិចំនួនបី នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម។ 

បេសកកម្មចុះប្រមូលទិន្នន័យសម្រាប់ការវិភាគស្ថានភាព បានផ្តោតការយកចិត្តទុកដាក់លើសកម្មភាពស្នូលចំនួនបី នៃក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster Implementation Framework, PHC-BIF) គឺការតម្រង់ទិសការផ្តល់សេវាសុខភាព ការលើកកម្ពស់នវានុវត្តន៍និង  បរិវត្តកម្មឌីជីថល និង ការវិនិយោគលើការថែទាំសុខភាពបឋម។ 

ក្រុមអ្នកជំនាញបច្ចេកទេសនៃអង្គការសុខភាពពិភពលោក បានគូសបញ្ចាក់ពីការរីកចំរើននៃការសេវាថែទាំសុខភាពបឋមគួរឱ្យកត់សំគាល់ក្រៃលែងជាពិសេសការស្រាវជ្រាវរកជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម និងលើសឈាម ទាំងនៅ   សេវាសាធារណៈមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងសេវាឯកជនជាដើម។ លើសពីនេះ ការយល់ដឹងលើភាពជាអ្នកដឹកនាំ នៃអ្នកទទួលខុសត្រូវលើមូលដ្ឋានសុខាភិបាល ស្មារតីយកចិត្តទុកដាក់ ចំណាប់អារម្មណ៍ និងការចូលរួមរបស់គាត់ អំពីសុខភាពបឋម កាន់តែផ្តល់នូវទំនុកចិត្ត និងលើកទឹកចិត្តដល់បេសកកម្មនៃក្រុមការងារអង្គការសុខភាពពិភពលោក។

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ និងសំណូមពរឱ្យក្រុមអ្នកជំនាញរៀបចំ និងកាន់តែបង្ខិតជិតតថភាពជាក់ស្តែងនៃតម្រូវការ ក្នុងសហគមន៍ និងរួមគ្នាជាមួយសុខាភិបាលកម្ពុជា រៀបចំនិងកែសម្រួលអោយកាន់តែចំគោលដៅចម្បងៗបំផុត នូវមាគ៌ាសម្រាប់ការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) ពិសេសេវាសុខាភិបាលបង្ការ សេវាលើកកម្ពស់អប់រំសុខភាព ពាក់ពន្ធ័ជំងឺមិនឆ្លង (លើសឈាម ទឹកនោមផ្អែម បេះដូង ខ្សោយតម្រងនោម ជំងឺសួតរ៉ាំរ៉ៃ និងមហារីក) រួមទាំងការបង្ការជំងឺឆ្លងផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8