ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទិ្ធពេញលេញ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ដោយមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១) បណ្តុះបណ្តាលលើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រួមមានការងាររៀបចំផែនការថវិកា និងការអនុវត្តថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការងារលទ្ធកម្មសាធារណៈ
២) ផ្សព្វផ្សាយជាព័ត៌មានបឋម និងបញ្ជ្រាបការយល់ដឹង ដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញក្នុងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅឆ្នាំ២០២៦ និងឆ្នាំ២០២៧។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី លោក តឹក សុភឿន
អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល លោក លោកស្រីអនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ លោក លោកស្រីប្រធានការិយាល័យគណនេយ្យ មន្រ្តីទទួលបន្ទុកការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងមន្រ្តីទទួលបន្ទុកការងារលទ្ធកម្មសាធារណៈ នៃអង្គភាពថវិកាថ្នាក់កណ្តាល សរុបចំនួន ១០០រូប។