Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ណែនាំដល់ផ្នែកចក្ខុរោគ ត្រូវថែទាំគំហើញរបស់ប្រជាពលរដ្ឋ តាំងពីកុមារតូច ពេញវ័យ រហូតដល់មនុស្សចាស់ ទាំងគំហើញផ្ទាល់ ទាំងការវិភាគវិទ្យាសាស្រ្ត និងលើសពីនេះត្រូវជំរុញការអប់រំអំពីសុខភាពភ្នែក។»
ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី២៣ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសន្និបាតរណបលើកទី៤ នៃសមាគមចក្ខុរោគ អាស៊ីប៉ាស៊ីហ្វិក។

ឯកឧត្តមសាស្រ្តាចារ្យបានលើកឡើងថា សុខភាពភ្នែក គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប។ ប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់ មានពិការភាព ឬមានបញ្ហាជំងឺផ្សេងៗ ប្រាកដណាស់ថា សុខភាពរបស់យើងក៏មិនបានល្អពេញលេញ ដែលស្ថិតក្នុងបរិបទមានប្រជាជនវ័យចំណាស់មានការកើនឡើង និងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើង ចំពោះគ្រប់ផ្នែកទាំងអស់ បូករួមទាំងផ្នែកភ្នែកផងដែរ។ ឯកឧត្តម បានគូសរំលេចថា បច្ចុប្បន្នវិស័យចក្ខុសាស្រ្តមានការរីកចម្រើន គួរឱ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេសដែលការបណ្តុះបណ្តាលបន្តជាការចាំបាច់បំផុត។ ការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវតែបន្ត ដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្រាន់មានប្រសិទ្ធភាព និងទាន់ពេលវេលា។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់ និងផ្តល់យោបល់មួយចំនួន ដល់សមគមគ្រូពេទ្យភ្នែកកម្ពុជា ដូចតទៅ៖

១) ការបម្រើសេវាវិស័យសុខាភិបាល ក៏ដូចជាវិស័យចក្ខុសាស្រ្ត ត្រូវតែមានភាពទន់ភ្លន់ គោរពឱ្យបាននូវក្រមសីលធម៌គ្រូពេទ្យ ដើម្បីឱ្យអ្នកជំងឺទទួលបាននូវជំនឿទុកចិត្ត និងការព្យាបាលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ដើម្បីលើកដម្កើងសេវាសុខាភិបាលក្នុងស្រុក។

២) ទទួលជនចាស់ជរា ជនពិការ ប្រជាជនមានកម្រិតជីវភាពខ្វះខាត អោយទទួលបានសេវាព្យាបាលទាន់ពេលវេលា។

៣) ត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែក ជូនដល់ប្រជាជន តាមការផ្សព្វផ្សាយ ការអប់រំសុខភាពភ្នែកឱ្យបានដល់សហគមន៍ ទីជនបទដាច់ស្រយាលតាមរូបភាពផ្សេងៗ ដូចជា ការចែកខិត្តបណ្ណ ទស្សនាវដ្តី ការផ្សាយតាមវិទ្យុ-ទូរទស្សន៍ និងបណ្តាញសង្គមនានា ដើម្បីអប់រំប្រជាជនឱ្យមានការយល់ដឹងពីបញ្ហាភ្នែក ជួយទប់ស្កាត់ភាពពិការភ្នែក។

៤) បន្ត និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងតាមការជួយរកអាហារូបករណ៍ ឱ្យដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីក្រេបយកចំណេះដឹងថ្មីៗ និងបទពិសោធន៍នៅក្នុងប្រទេស និងនៅក្រៅប្រទេស។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានសហការល្អគ្នាទាំងផ្នែកបច្ចេកទេស ក៏ដូចជាក្នុងភារកិច្ចវិជ្ជាជីវៈផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់គ្រូពេទ្យ យកចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗ មកធ្វើបទបង្ហាញ និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ 

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ Tetsuro OSHIKA, ប្រធានសមាគមចក្ខុរោគអាស៊ី  ប៉ាស៊ីហ្វិក, លោកប្រធានមូលនិធិ Fred Hollow អង្គការដៃគូ និងសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លោក លោកស្រី នាងកញ្ញា សមាជិក សមាជិក សមាគមនៃគ្រូពេទ្យកម្ពុជា សរុប ១៨០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16