រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងប្រធានគណៈកម្មការកោសល្យវិច័យវេជ្ជសាស្ត្រថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកោសល្យវិច័យវេជ្ជសាស្ត្រថ្នាក់ជាតិ និងរាជធានី ខេត្ត។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពឆ្នាំ២០២៥ និងកំណត់ទិសដៅការងារឆ្នាំ២០២៦ បានបង្ហាញពីសមិទ្ធផលសំខាន់ៗ និងបង្កើតគោលទិសដៅច្បាស់លាស់សម្រាប់ការងារបន្តនាពេលអនាគត។ ក្រសួងសុខាភិបាល និងគណៈកម្មការកោសល្យវិច័យវេជ្ជសាស្ត្រ តឹងរឹងចំពោះការធានាប្រសិទ្ធភាព និងស្របតាមច្បាប់ ក្នុងការជួយសម្រួលដល់ការស្រាវជ្រាវ សវនកម្ម និងការផ្តល់យុត្តិធម៌ក្នុងវិស័យសុខាភិបាល។
គណៈកម្មការក៏បានកំណត់គោលទិសដៅសម្រាប់ការអនុវត្តការងារនៅឆ្នាំ២០២៦ ដូចតទៅ៖
១. បន្តពង្រឹងសមត្ថភាព និងតួនាទីរបស់សមាជិកគណៈកម្មការ
២. រៀបចំផែនការសកម្មភាព និងស្វែងរកការគាំទ្រពីក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍
៣. រៀបចំកម្មវិធីបណ្តុះបណ្តាល និងផែនការបន្តវេនសម្រាប់វេជ្ជបណ្ឌិតជំនាន់ថ្មី
៤. ចងក្រង និតិវិធីស្តង់ដារប្រតិបត្តិ (SOP) សម្រាប់សមាជិកគណៈកម្មការថ្នាក់ផ្សេងៗ
៥. ពង្រឹងការកត់ត្រា ការវិភាគ និងការប្រើប្រាស់ ទិន្នន័យមរណភាព និងទិន្នន័យពាក់ព័ន្ធផ្សេងៗ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក និងសមាជិកានៃគណៈកម្មការថ្នាក់ជាតិ និងរាជធានី ខេត្តចំនួន ៣៥រូប ដោយចូលរួមតាមប្រព័ន្ធ ZOOM ពីគណៈកម្មការថ្នាក់ក្រោមជាតិចំនួន ២៦នាក់។