Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន៧ ក្នុងខេត្តកោះកុង
ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តកោះកុង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល ចូលរួមដំណើរជាមួយដោយ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៧ នៅក្នុងខេត្តកោះកុង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តម ទៅ ម៉ឹង  ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ដើម្បីពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៨ចំណុចដូចខាងក្រោម៖

១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព 

២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស 

៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ

៤-លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ                                                                                                                          

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង     

៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ                       

៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។                                                

គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពបឹងព្រាវ, យន្តមីន ជ្រោយស្វាយ, ស្រែអំបិល, អណ្ដូងទឹក ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងមណ្ឌលសុខភាពគិរីសាគរ, ប៉ុស្តិ៍សុខភាពភ្ញីមាស និងមណ្ឌលសុខភាពកោះកាពិ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ នៃខេត្តកោះកុង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10