ទីក្រុងតូក្យូ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ និង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងវេទិកាកម្រិតខ្ពស់ ស្តីពីការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០២៥ (UHC High-Level Forum 2025) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមសហអធិបតីភាព លោកជំទាវ Satsuki Katayama រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ឯកឧត្តម Kenichiro Ueno រដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារ និងសង្គមកិច្ច នៃប្រទេសជប៉ុន។ វេទិកាបានទទួលការស្វាគមន៍ពី លោកជំទាវ Sanae Takaichi នាយករដ្ឋមន្ត្រី តាមរយៈវីដេអូថតទុក។វេទិកានេះ ក៏មានការចូលរួមពី ឯកឧត្តម Ajay Banga ប្រធានធនាគារពិភពលោក និងឯឧត្តមវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី មន្រ្តីជាន់ខ្ពស់ពីបណ្តាប្រទេសអាស៊ី និងអាហ្វ្រិក ព្រមទាំងដៃគូអភិវឌ្ឍជាច្រើន សរុបប្រមាណជាង២០០នាក់។
វេទិកានេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុនសហការជាមួយធនាគារពិភពលោក និងអង្គការសុខភាព ពិភពលោក ដើម្បីពិភាក្សា និងកំណត់យុទ្ធសាស្រ្តឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣០ ដោយផ្តោតលើចំណុចសំខាន់ចំនួន២គឺ៖
- គម្រោងមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹង នៃការគ្រប់ដណ្តប់សុខភាពជាសកល (UHC Knowledge Hub) ដែលមានប្រទេសដំបូងគេ ចំនួន៨ រួមទាំងកម្ពុជា (ប្រទេសអេហ្ស៊ីប អេត្យូពី ហ្គាណា ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា និងហ្វីលីពីន) ចូលរួម។
- ក្រោមកិច្ចសហការគាំទ្រដោយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក បាននិងកំពុងជួយប្រទេសចំនួន២១ រួមទាំងកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្រ្តជាតិគ្រប់ជ្រុងជ្រោយ (National Health Compact) ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
វេទិកាកម្រិតខ្ពស់នេះបានរៀបចំកិច្ចពិភាក្សាតុមូលជាច្រើនប្រធានបទ ដែលក្នុងនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ បានអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទ UHC Knowledge Hub ដោយបានចែករំលែកនូវបទពិសោធន៍ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តន៍ ការប្តេជ្ញាចិត្តសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសកល ឈរលើសូចនាករសំខាន់ៗទាំង៣។ លោកជំទាវ ក៏បានគូសរំលេចថា វេទិកាកម្រិតខ្ពស់នេះ ពិតជានឹងរួមចំណែកដល់ការអនុវត្តផែនទីចង្អុលផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលកម្ពុជាឆ្នាំ២០៣៥ និងបានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ជាពិសេសធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក ដែលបាននឹងកំពុងបន្តគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។
វេទិកាកម្រិតខ្ពស់នេះ ក៏បានបង្ហាញពីការគាំទ្ររួម ដោយបានដាក់ចេញនូវ សេចក្តីថ្លែងការរួម នៃការគ្រប់ដណ្តប់សុខភាពជាសកលកម្រិតខ្ពស់ ឆ្នាំ២០២៥ “ Joint Declaration of the UHC High-Level Forum 2025” ។ សេចក្តីថ្លែងការរួមនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួម រវាងរដ្ឋាភិបាលនៃប្រទេសជប៉ុន ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក ក្នុងការជួយដល់បណ្តាប្រទេសនានារួមទាំងកម្ពុជាឱ្យសម្រេចបានការគ្របដណ្តប់សុខភាពជាសកល តាមរយៈអាទិភាពសំខាន់ៗចំនួន៥៖ សារៈសំខាន់ នៃការគ្របដណ្តប់សុខភាពជាសកល ១) កិច្ចសហការកាន់តែរឹងមាំរវាងវិស័យហិរញ្ញវត្ថុ និងវិស័យសុខាភិបាល ២) ការគាំទ្រយុទ្ធសាស្រ្តជាតិគ្រប់ជ្រុងជ្រោយ (National Health Compact) ៣) ការប្តេជ្ញាចិត្តដ៏មុតមាំដើម្បីស្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល និងរបៀបវារៈក្រោយឆ្នាំ២០៣០ ៤) ការពង្រឹងស្វ័យភាពនៃប្រទេសនីមួយៗ តាមរយៈប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយដៃគូសកល តំបន់ និងប្រទេស និង ៥) ការពង្រឹងហិរញ្ញប្បទានសុខភាពប្រកបដោយចីរភាព និងភាពធន់ឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់។