ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញបេសកកម្មនៅតាមមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យ និងជំរុញការងារកែលម្អគុណភាពសេវា ផ្តល់ការគាំទ្រ លើកទឹកចិត្ត សាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការនៅក្នុងខេត្តព្រះវិហារ។
អំឡុងពេលមានការរំលោភឈ្លានពានបូរណភាពទឹកដីកម្ពុជា មណ្ឌលសុខភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៃខេត្តព្រះវិហារ ចំនួន១២កន្លែង ត្រូវបានផ្អាកដំណើរការ ហេីយបច្ចុប្បន្ននេះ មណ្ឌលសុខភាពចំនួន១១កន្លែង បានបេីកដំណេីរការឡេីងវិញមានដូចជា មណ្ឌលសុខភាពសម្តេចជាស៊ីម សែនរុងរឿង១ សែនរុងរឿង២ សែនរុងរឿង៣ សែនរុងរឿង៤ សែនរុងរឿង៥ ឈើទាលគង សែនជ័យ សែនតេជៈ តេជោមរកត និងមណ្ឌលសុខភាពស្រអែម។ ដោយឡែក ចំពោះមណ្ឌលសុខភាព១កន្លែងទៀត គឺមណ្ឌលសុខភាពតេជោបុស្សស្បូវ បានបេីកដំណេីរការដែរ តែមិនទាន់បានផ្តល់សេវាពេញលេញនៅឡើយទេ ជាពិសេសសេវាសម្រាលកូន និងពិនិត្យផ្ទៃពោះ ដោយសារប្រជាពលរដ្ឋក្នុងតំបន់នោះ កំពុងបន្តស្នាក់នៅទីសុវត្ថិភាពនៅឡើយ ហេីយបច្ចុប្បន្ន មានតែក្រុមគ្រូពេទ្យជាបុរសនៅប្រចាំការបម្រើសេវាពិនិត្យជំងឺទូទៅ ដោយទីតាំងមណ្ឌលសុខភាពនេះ ស្ថិតនៅកៀកព្រំដែនខ្លាំងពេក ក្រុមគ្រូពេទ្យជាស្ត្រី មានកូនតូចៗនៅជាប់ជាមួយ ដែលត្រូវរក្សាសុវត្ថិភាព និងរងចាំស្ថានភាពវិលទៅរកភាពល្អប្រសេីរឡេីងវិញ។
បេសកកម្មនេះ មានគោលដៅចម្បងផ្តោតលើការត្រួតពិនិត្យ និងពង្រឹងការផ្តល់សេវាសុខាភិបាលសម្រាប់ផែនការឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់នូវសំណុំសកម្មភាពអប្បបរមា (MPA) ដើម្បីបង្កើនប្រសិទ្ធភាពសេវាដែលផ្តល់ជូនសាធារណជន ដោយសង្កត់ធ្ងន់លើ៖
- ការពង្រឹងអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងដំណេីរការគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)
- ការបង្កើនការយល់ដឹងដើម្បីជំរុញការអនុវត្តក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋម (PHC-BIF)
- ការលើកទឹកចិត្តមណ្ឌលសុខភាពឱ្យអនុវត្តន៍នវានុវត្តន៍បច្ចេកវិទ្យា និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធអនឡាញ ដើម្បីបង្កើនគុណភាពសេវា ជាពិសេសលើការងារគ្រប់គ្រងឱសថ និងកត់ត្រាអ្នកជំងឺ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារបានចូលរួមប្រជុំផ្តល់អនុសាសន៍លេីការអនុវត្តន៍ការជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) ថ្នាក់ខេត្ត និងបានចុះត្រួតពិនិត្យ ណែនាំ និងជំរុញការងារកែលម្អគុណភាពសេវាដល់មណ្ឌលសុខភាពចំនួន ៥កន្លែង ក្នុងខេត្តព្រះវិហារ រួមមាន៖ មណ្ឌលសុខភាពរវៀង ស្អាង ប្រមេ ត្បែងមានជ័យ និងមណ្ឌលសុខភាពភ្នំដែក។