Cambodia
ព័ត៌មានលំអិត

Image
ការរៀបចំសិកា្ខសិលាសមាគមគ្រូពេទ្យទារកកម្ពុជាលើកទី ៦ ក្រោមប្រធានបទ “START4NEWBORN - ការជួយសង្គ្រោះទារកទើបនឹងកើតកំរិតបឋម” នៅមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិកា្ខសិលាលើកទី៦ស្តីពី “START4NEWBORN Neonatal Resuscitation Basic Skill Course - ការជួយសង្គ្រោះទារកទើបនឹងកើតកំរិតបឋម” នៅមន្ទីរពេទ្យកាល់ម៉ែត ដែលរៀបចំឡើងដោយសមាគមគ្រូពេទ្យទារកកម្ពុជា។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង បណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ឱ្យមានការយល់ដឹង និងមានជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើត ដោយចេះវាយតម្លៃស្ថានភាពទារកដែលកើតមកភ្លាម រៀបចំទុកជាមុននូវសម្ភារៈសំរាប់សង្គ្រោះទារក និងអាចជួយសង្គ្រោះបឋមដល់ទារកនៅ១នាទីមាសដំបូងនៃជីវិត ព្រមទាំងចេះធ្វើការបញ្ចូនទារក ទៅកាន់មន្ទីរពេទ្យដែលមានលទ្ធភាពខ្ពស់ក្នុងការព្យាបាលបន្តឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ Mannequin ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះនិងថែទាំទារកនៃមន្ទីពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា។  

ក្នុងឱកាសនេះផងដែរ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានជូនជាយោបល់ដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្តនៅអនុសាសន៏៣ចំណុចរួមមាន៖ 

១. រៀបចំបណ្តុះបណ្តាលពីជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើតដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ដែលបម្រើការងារទាក់ទងនឹងផ្នែកសម្ភព និងទារក និងត្រូវធានាថាពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទារក ជាពិសេសគ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាក

២. សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ ត្រូវយកចំណេះដឹងនេះទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការបង្ហាត់បង្រៀនបន្ត ដល់សហភាតរៈដែលធ្វើការជាមួយគ្នា

៣. ពង្រឹងគុណភាពក្នុងការបម្រើសេវាពិនិត្យសុខភាពមុនសម្រាលដល់ស្រ្តីមានផ្ទៃពោះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងអាចមានសមត្ថភាពក្នុងការកំនត់រោគសញ្ញាប្រឈម ឬរោគសញ្ញាគ្រោះថា្នក់នានា អំឡុងពេលមានផ្ទៃពោះ ដើម្បីធ្វើការបញ្ជូនស្រ្តីមានផ្ទៃពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទាំងម្តាយនិងទារកឱ្យបានទាន់ពេលវេលា។

សិក្ខាសាលានេះ មានការអញ្ញើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យជាតិ ប្រធានគណៈគ្រូពេទ្យកម្ពុជា ប្រធានគណៈឆ្មប ប្រធានគណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិ សិក្ខាកាម ជាវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកដែលអញ្ជើញមកពីស្ថាប័ណរដ្ឋ និងស្ថាប័នឯកជន សរុបចូលផ្ទាល់ចំនួន ១៥០ រូប និងតាមប្រព័ន្ធ Zoom ចំនួន ១៨០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10