Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្តីពីសមិទ្ធផលឆ្នាំ២០២៥ និងផែនការប្រចាំឆ្នាំ២០២៦ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស.)
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តកែប៖ ព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីសមិទ្ធផលឆ្នាំ២០២៥ និងផែនការប្រចាំឆ្នាំ២០២៦ របស់ស.វ.ស. នៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប។

សិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានគោលបំណង ពិនិត្យឡើងវិញ អំពីការវិវត្តដែលសាកលវិទ្យាល័យ សម្រេចបានមកដល់ពេលនេះ ធៀបនឹងគោលដៅ១០ឆ្នាំ (២០២៤-២០៣៣) ដែលបានកំណត់ និងធ្វើការឆ្លុះបញ្ចាំង រកយុទ្ធសាស្រ្ត កំណត់ភាពប្រឈម និងរកដំណោះស្រាយ ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៦។

សិក្ខាសាលានេះ ក៏នឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អាចបង្កើននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបណ្តុះស្មារតីការងារជាក្រុម ដើម្បីត្រៀមលក្ខណៈអនុវត្តសកម្មភាពថ្មី យុទ្ធសាស្រ្តថ្មី ជាមួយគោលដៅថ្មី ប្រកបដោយមហិច្ចតាខ្ពស់ សម្រាប់ឆ្នាំថ្មី ២០២៦ ខាងមុខ។

ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលបណ្តុះបណ្តាលដែលសម្រេចបាន និងភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់ស.វ.ស. ព្រមទាំងបានលើកឡើងពីការយកចិត្តទុដាក់ខ្ពស់របស់ក្រសួងសុខាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។

ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជូនស.វ.ស. ដើម្បីជាធាតុចូលសម្រាប់ទិសដៅបន្ត ឆ្នាំ២០២៦ ខាងមុខរួមមាន៖

១-ខិតខំរៀបចំកែសម្រួលកម្មវិធីសិក្សាដែលមានស្រាប់ ជាពិសេសកម្មវិធីសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស ទាំង២១ ឯកទេស ឱ្យបានឆាប់

២-រៀបចំបង្កើតកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតឱ្យបានច្រើន ជាពិសេសការវិវត្តពីកម្មវិធីសិក្សាវគ្គខ្លី ថែទាំមនុស្សចាស់ ទៅជាកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ថែទាំមនុស្សចាស់

៣-ខិតខំពង្រឹងសមត្ថភាពគ្រូបង្រៀនបន្ថែមទៀត ជាពិសេសបណ្តុះបណ្តាលគ្រូណែនាំ គ្លីនីក តាមអង្គភាពសម្ព័ន្ធកម្មសិក្សាគ្លីនីក ដោយមានការតម្រង់ទិសច្បាស់លាស់ អំពីការណែនាំគ្លីនីកផ្តោតលើសមត្ថភាព និងគោលការណ៍វាយតម្លៃកម្មសិក្សា ដែលមានតម្លាភាព

៤-ពង្រីកការបញ្ចូលការបង្រៀនមុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈ ដល់គ្រប់កម្មវិធីសិក្សា

៥-ខិតខំកែលម្អគុណភាពឧបករណ៍វាយតម្លៃនិស្សិត ឱ្យស្របតាមគោលបំណងនៃការបណ្តុះបណ្តាល ផ្តោតលើសមត្ថភាព ជាពិសេសការបង្កើនចំនួនស្ថានីយ៍វាយតម្លៃឱ្យបានសមស្រប សម្រាប់ការប្រឡងឆមាស និងប្រឡងបញ្ចប់ការសិក្សារបស់និស្សិត

៦-ខិតខំបង្កើនចំនួនគម្រោងសិក្សាស្រាវជ្រាវឱ្យបានច្រើន និងរៀបចំផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ឱ្យបានទូលំទូលាយ

៧-ខិតខំពង្រឹងគុណភាពសេវាជូនសាស្រ្តាចារ្យ និស្សិត និងសាធារណជន ឱ្យកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគុណភាព តម្លាភាព សច្ចភាព និងសីលធម៌វិជ្ជាជីវៈខ្ពស់

៨-ខិតខំជំរុញការងារផ្លាស់ប្តូរនិស្សិតឱ្យបានកើនឡើង ដោយបង្កើនភាពជាដៃគូជាមួយសាកលវិទ្យាល័យអន្តរជាតិ ឱ្យបានច្រើន

៩-ខិតខំលើកកិត្យានុភាពសាកលវិទ្យាល័យ តាមរយៈការពង្រឹងការទទួលស្គាល់គុណភាពកម្រឹតតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលស.វ.ស. ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការនៃស.វ.ស. សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ប្រធានអាសន:តាមមហាវិទ្យាល័យ/សាលា/អង្គភាពកិច្ចការទូទៅ សរុបប្រមាណ ៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10