ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខេត្តព្រះវិហារ។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងជួយពិនិត្យគាំទ្រក្នុងការអនុវត្តការងារ និងលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាល កាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា។ ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖
១. ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ
៣. ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
៥. ការគ្រប់គ្រង និងការថែទាំឱសថ សម្ភារ និងបរិក្ខារពេទ្យ
៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ (Triage)
៧. ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ
៨. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ
៩. ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតនិងក្រុមកាងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យវឌ្ឍនភាពនិងគាំទ្រនេះ មានការសម្របសម្រួលពីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ និងប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ ដោយបានទៅពិនិត្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន ៧ទីតាំង ក្នុងនោះរួមមាន៖ មណ្ឌលសុខភាពឈ្នួន មណ្ឌលសុខភាពរណសិរ្យ មណ្ឌលសុខភាពតាកឹង មណ្ឌលសុខភាពបរិបូរណ៍ មណ្ឌលសុខភាពរៀបរយ ប៉ុស្តិ៍សុខភាពតាបស និងប៉ុស្តិ៍សុខភាពប្រើសក្អក។