Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឍវិជ្ជាជីវ:វេជ្ជសាស្ត្រ បន្ត ខេត្តព្រះសីហនុ លើកទី១១
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់គ្រូពេទ្យទាំងអស់ មានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកផលប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយសហភាតរៈ និងសាធារណជន ព្រមទាំងគោរពច្បាប់ បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។

លើសពីនេះ ឯកឧត្តមសាស្រ្តាចារ្យបានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាខិតខំការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាព នៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យម្នាក់ៗត្រូវខិតខំស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗ ឱ្យទាន់សម័យ មានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។

ក្នុងអង្គពិធីនេះ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានធ្វើបទបង្ហាញអំពីគោលការណ៍ក្រមសីលធម៌វេជ្ជសាស្រ្ត ជាគោលការណ៍កម្រិតទស្សនៈវិជ្ជា ដែលកំណត់ពីអ្វីដែលត្រូវ និងអ្វីដែលខុស នៅក្នុងការងារថែទាំ និងព្យាបាលជំងឺ (វេជ្ជសាស្រ្ត)។ ក្រមសីលធម៌វេជ្ជសាស្រ្ត ឈរលើគោលការណ៍ចំនួន៤ សម្រាប់ណែនាំគ្រូពេទ្យ ក្នុងការពិចារណាមុនសម្រេចចិត្តផ្តល់ការព្យាបាល និងមុនអនុវត្តទម្រង់កិច្ចការថែទាំ និងព្យាបាល ដើម្បីធានាថា ការងារនោះត្រូវបានធ្វើឡើង ប្រកបដោយភាពមានវិជ្ចាជីវៈ (professionalism) គោលការណ៍ក្រមសីលធម៌ទាំង ៤ រួមមាន៖

1. គោរពស្វ័យភាពរបស់អ្នកជំងឺ (autonomy)

2. គិតប្រយោជន៍ឱ្យអ្នកជំងឺ (beneficence)

3. មិនបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ (no-maleficence)

4. ផ្តល់យុត្តិធម៌ដល់អ្នកជំងឺគ្រប់រូប (Justice)។

ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក៏បានធ្វើបទបង្ហាញជូនអង្គទិវាអំពីបេសកកម្មរបស់គណៈគ្រូពេទ្យមាន៖

1.ឃ្លាំមើល គោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្ដីភាពចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ

2.ធានាការពារកិត្តយស និងឥស្សរភាព របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ។

សូមបញ្ជាក់ថា ទិវានេះមានអ្នកចូលរួមផ្ទាល់ចំនួន ១៥៣នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ១០០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10