Cambodia
ព័ត៌មានលំអិត

Image
កម្មវិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) ដែលជាឆ្នាំទី១១ ក្រោមប្រធានបទ «នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល» និងជាផ្នែកមួយ នៃវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥
ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត, ក្រុមការងារស្រាវជ្រាវ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងនាមគម្រោង CAMPRA “Cambodia AMR Predicting Application” ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) ដែលជាឆ្នាំទី១១ ក្រោមប្រធានបទ «នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល» និងជាផ្នែកមួយនៃវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ដែលកម្មវិធីនេះប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្យ ក្រោមអធិបតីភាពរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។ 

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត, ក្រុមការងារស្រាវជ្រាវសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា  ទទួលបាននូវជ័យលាភីជា Best Digital Research and Innovation ប្រចាំឆ្នាំ២០២៥ ចំពោះការចូលរួមបង្កើតកម្មវិធី Cambodia AMR Predicting Application (CAMPRA) ដែលអាចទស្សន៍ទាយពីកម្រិតភាពស៊ាំ នៃឱសថប្រឆាំងមេរោគ និងជា Application មួយដែលអាចចូលរួមកាត់បន្ថយភាពស៊ាំនៃឱសថប្រឆាំងមេរោគ តាមរយៈការណែនាំនៃការចេញវេជ្ជបញ្ជាឱសថប្រឆាំងមេរោគត្រឹមត្រូវ ពីសំណាក់ក្រុមគ្រូពេទ្យ ដោយពឹងផ្អែកទៅតាមទិន្ន័យជាក់ស្តែង នៃភាពស៊ាំរបស់មេរោគ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ក្រៅពីក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត, ក្រុមការងារស្រាវជ្រាវសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបណ្ឌិតសភារ្យបច្ចេកវិទ្យាឌីជីថលកម្ពុជា គម្រោង CAMPRA នេះក៏មានការចូលរួមជាបច្ចេកទេស ពីដៃគូសហការដូចជា មន្ទីរពិសោធន៍ SESSTIM (AMU/Inserm/IRD), Hopital Europeen Marseille និងមានការឧបត្ថម្ភជាថវិកាពីស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។ 

គួររំលឹកផងដែរថា គម្រោង CAMPRA នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6