Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការ​ឆ្លើយ​តប​សម្រាប់​ថ្នាក់ រាជធានី ខេត្ត
ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់រាជធានី ខេត្ត លើកទី៥ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិ១ (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ) និងសម្រាប់ខេត្តចំនួន៥ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ ខេត្តកែប និងកោះកុង។ 

ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្រ្តាចារ្យ បានកោតសរសើរដល់គ្រូបង្គោលថ្នាក់ជាតិ  ដែលបានខិតខំប្រឹងប្រែងក្នុង​ការអនុវត្ត​ការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)  បាន​សម្រេច​តាមផែនការ។ ក្នុងកំឡុងពេល ៨ខែនេះ យើងបានបញ្ចប់ការបណ្តុះបណ្តាលសម្រាប់គ្រូបង្គោល ថ្នាក់​ជាតិ និងថ្នាក់មន្ទីរពេទ្យជាតិចំនួន៨ (៧៦រូប) និងសម្រាប់មន្ទីរសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យខេត្ត ចំនួន ២០ខេត្ត (១៤១រូប) ។ គ្រប់មន្ទីរពេទ្យ និងមន្ទីរសុខាភិបាល​ ដែលបាន​ទទួលការបណ្តុះបណ្តាល MPDSR បានប្រើចំណេះដឹង និងទ្រឹស្តីទៅអនុវត្ត ដើម្បីកែលម្អសេវាសុខាភិបាលរបស់ខ្លួន។ ជាលទ្ធផល​ក្នុង​រយះពេល១១ខែ មានករណីមរណភាពចំនួន៤៣ករណី និងទារកស្លាប់ជុំវិញកំនើត​ចំនួន ១២០ករណី ដែល​ត្រូវបានរាយការណ៍ និងវិភាគរួមគ្នា កំណត់មូលហេតុនៃការស្លាប់ (MCCD) និងរកការ​យឺតយ៉ាវ​ទាំង៣ (3 Delays) ដើម្បីឱ្យយើងធ្វើផែនការឆ្លើយតាបឱ្យមានប្រសិទ្ធភាព​ និងទាន់ពេល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានលើក​ទឹកចិត្ត​ដល់សិក្ខាកាមចូលរួម និងបណ្តាខេត្តផ្សេងទៀត យកចិត្តទុក​លើកការបញ្ជូនស្រ្តី​ប្រកប​ដោយ​សុវត្ថិភាព (១) ពិនិត្យមើលពីអានីភ័យរបស់ស្រ្តីមានផ្ទៃពោះឱ្យបានច្បាស់លាស់ (២) ធ្វើការបញ្ជូន​ឱ្យបាន​មុនហេតុការកើតឡើង (៣) ត្រូវធានាការបញ្ជូនមានការព្យាបាលសង្រ្គោះត្រឹមត្រូវ (៤) ត្រូវជូន​ដំណឹង​មកទីតាំងដែលត្រូវបញ្ជូនឱ្យបានមុន និង(៥) ត្រូវមានលិខិតបញ្ជូនឱ្យបានច្បាស់លាស់ដើម្បីឱ្យការ​បញ្ជូន​មានលក្ខណៈជាការបញ្ជូនទៅរកសេវាសង្រ្គោះ។  

ទន្ទឹមនឹងនេះ​ លោកជំទាវសាស្រ្តាចារ្យ បានអំពាវនាវដល់លោក លោកស្រីទាំងអស់ដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរ​ពេទ្យ​រាជធានី ខេត្តទាំង៥ មេត្តាចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីប្រើប្រាស់​បទពិសោធន៍ទាំងក្នុងការពិនិត្យនិងធ្វើផែនការឆ្លើយតបបានទូលំទូលាយ និងបន្តបណ្តុះបណ្តាលដល់​បុគ្គលិក​មន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត ស្រុក ដែលពាក់ព័ន្ធទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និង​ការ​ឆ្លើយតបថ្នាក់ជាតិ ដែលមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាល​អូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែល​មាន​សិក្ខាកាម​អញ្ជើញចូលរួមពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរ​ពេទ្យ​ខេត្ត​ចំនួន ៥រួម៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ ខេត្តកែប និង​កោះ​កុង សរុបចំនួន ៤០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14