Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី២០ អង្គការស្នាមញញឹមតំបន់អាស៊ី នៅប្រទេសហ្វីលីពីន
ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២៥

ប្រទេសហ្វីលីពីន៖ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា រួមដំណើរដោយលោក ចាន់ កុកចយ នាយកប្រត្តិបត្តិ លោកសាស្ត្រាចារ្យ នូសារុំ សមាជិកក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២០ នៃអង្គការស្នាមញញឹមតំបន់អាស៊ី នៅប្រទេសហ្វីលីពីន។


កិច្ចប្រជុំនេះបានពិភាក្សាអំពីគោលនយោបាយ ក្នុងការចងសម្ព័ន្ធភាពរវាងអង្គការវះកាត់ឆែបមាត់ សម្រាប់ប្រទេសទូទាំងតំបន់អាស៊ី ក្នុងកិច្ចសហប្រតិបត្តិការវះកាត់ជូនកុមារឆែបមាត់ និងពិការភាពមុខមាត់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

តំណាងប្រទេសជាក្រុមប្រឹក្សាភិបាល នៃអង្គការស្នាមញញឹមតំបន់អាស៊ី រួមមានកម្ពុជា សិង្ហបុរី ចិន ឥណ្ឌា ភូមា ម៉ាឡេស៊ី ជប៉ុន ហ្វីលីពីន និងអាមេរិក ដែលប្រទេសនីមួយៗ បានលើកពីបច្ចុប្បន្នភាព សកម្មភាពវះកាត់ និងបានចែករំលែកនូវ បទពិសោធន៍ និងស្នាដៃដែលទទួលបាន និងរៀបចំផែនការអនុវត្តន៍ សម្រាប់ឆ្នាំបន្ត។

អង្គការស្មាយអាស៊ីគឺជាអភិបាលសហការអន្តរជាតិ របស់អង្គការសប្បុរសធម៌ឯករាជ្យ ដែលធ្វើការរួមគ្នាដើម្បីព្យាបាលកុមារ ដែលមានបញ្ហាពិការមុខមាត់ដូចជា ឆែបមាត់ ឆែបក្រអូម និងពិការភាពផ្សេងៗ បង្កើតឡើងក្នុងឆ្នាំ ២០០៨ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការរបស់អង្គការសប្បុរសធម៌ឯករាជ្យចំនួន ៩ រួមមាន៖ Smile Cambodia(កម្ពុជា), Future Smile Charitable Foundation និង Beam International Foundation (ចិន), Smile Philippines (ហ្វីលីពីន) Clapam (ម៉ាឡេស៊ី) Cleft to Smile Mission (ឥណ្ឌា), Bright Faces Inc. (សហរដ្ឋអាមេរិក) និង Smile Mission (សិង្ហបុរី) Smile Japan  (ជប៉ុន)។

គួររំលឹកដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរក្នុងពិធីប្រគល់ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន ក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជានៅក្នុងកម្មវិធី “Smile Asia Charity Gala 2025”។ 

ពានរង្វាន់ខាងលើនេះ ត្រូវបានប្រគល់ជូនផ្ទាល់ពីលោកជំទាវ Gan Siow Huang រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី ។

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” សម្រាប់ផ្ដល់ជូនជាកិត្តិយស ដល់ឥស្សរជនឆ្នើម ដែលបានចូលរួមចំណែកសំខាន់ ក្នុងកិច្ចការងារសង្គម លើវិស័យថែទាំសុខភាព។ នេះគឺជាការទទួលស្គាល់នូវ សមិទ្ធផល និងស្នាដៃ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យ របស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពរបស់កុមារទូទាំងប្រទេស ក្នុងសកម្មភាពមនុស្សធម៏ជាច្រីនកន្លងមក ដែលពិតជាមោទនភាពខ្ពស់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំប្រទេស។