រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមចុះត្រួតពិនិត្យការដ្ឋាន សាងសង់អគារទីស្ដីការក្រសួងសុខាភិបាល (ដំណាក់កាលទី១) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពលទ្ធកម្មនៃក្រសួងសុខាភិបាល តំណាងវិស្វ័ករក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត និងតំណាងក្រុមហ៊ុនទទួលបន្ទុកសាងសង់។
គូរបញ្ជាក់ផងដែលថា ការសាងសង់អគារទីស្ដីការក្រសួងសុខាភិបាល (ដំណាក់កាលទី១) នេះ រួមមានការងាររៀបចំការដ្ឋានការងារផ្នែកគ្រឿងបង្គុំ ការងារជញ្ជាំងឥដ្ឋផ្នែកខាងក្នុង និងខាងក្រៅ ការងារជាន់ដំបូលទែរ៉ាស់ និងការងារប្រព័ន្ធទឹក ភ្លើង លូ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលអគារទាំងមូលទំហំ ៤៤,៦០ម x ២២,៤៤ម មានកម្ពស់សរុប ១១ជាន់។ បច្ចុប្បន្នការសាងសង់អគារទីស្ដីការក្រសួងសុខាភិបាល (ដំណាក់កាលទី១) នេះ សម្រេចបាន៤០% ហើយ និងគ្រោងប្រគល់ទទួលដំណាក់កាលបន្តបន្ទាប់ក្នុងឆ្នាំ២០២៦ ខាងមុខ។
លោកជំទាវរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ស្ដីពីការសាងសង់អគារទីស្ដីការក្រសួងសុខាភិបាល(ដំណាក់កាលទី១) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។