រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើក “វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។
វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយក្នុងចំណោមវគ្គទាំង៣ នៃកម្មវិធី Data to Policy (D2P) ដែលជាកម្មវិធីមួយផ្តល់ការគាំទ្រផ្នែកបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលលើដំណើរការនៃការវិភាគ ការជ្រើសរើសអនុសាសន៍គោលនយោបាយ និងការវាយតម្លៃសេដ្ឋកិច្ចសុខាភិបាលទៅលើគោលនយោបាយ។
ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានរំលឹកឡើងវិញថា ការដាក់ចេញនូវគោលនយោបាយសុខាភិបាល ឬការរៀបចំក្របខណ្ឌគោលនយោបាយ និងវិធានការអភិវឌ្ឍផ្សេងៗ ទាមទារឱ្យមានការវិភាគស្ថានភាពជាក់ស្តែង ដោយឈរលើទិន្នន័យដែលចេញពីការសិក្សាស្រាវជ្រាវ ឬទិន្នន័យដែលកត់ត្រាក្នុងប្រពន្ធ័សុខាភិបាល។ ការស្រាវជ្រាវ ការប្រមូលទិន្នន័យ ការវិភាគទិន្នន័យឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ គឺជាកិច្ចការដ៏សំខាន់ និងចាំបាច់ សម្រាប់រៀបចំគោលនយោបាយសុខាភិបាលជាតិ ឱ្យបានជាក់លាក់។ ដោយមើលឃើញនូវមុខងារ និងភារកិច្ចរបស់វិទ្យាស្ថាន ក្រសួងសុខាភិបាល ផ្តល់ការគាំទ្រជូនដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ឱ្យបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវរបស់ខ្លួន និងខិតខំសំយោគភស្តុតាងវិទ្យាសាស្រ្ត ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា យកមកប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំពង្រាងគោលនយោបាយសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិត បានកោតសរសើរដល់ក្រុមការងាររបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង និងបានលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងនេះ និងជួយពង្រឹងសមត្ថភាពរបស់អង្គភាពពាក់ព័ន្ធដើម្បីឈានទៅសម្រួច និងតម្រង់ទិសគោលនយោបាយសុខាភិបាលជាតិ ឱ្យកាន់តែមានភាពជាក់លាក់ និងចំគោលដៅ ឈានទៅជំរុញការអនុវត្តកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។
បន្ថែមពីនេះ ឯកឧត្តមវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ជូនវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឱ្យបន្តពង្រឹងសមត្ថភាពអង្គភាពខ្លួន ជាពិសេសលើកិច្ចគាំទ្រការងារពង្រាងគោលនយោបាយសុខាភិបាលជាតិ ឱ្យមានគុណភាព សម្រាប់វិស័យសុខាភិបាលកម្ពុជាទាំងមូលដោយ៖
(១) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការបន្តជួយគាំទ្រ បង្កើនសមត្ថភាពដល់មន្រ្តីសុខាភិបាលដែលពាក់ពន្ធ័ ក្នុងការវិភាគ ការប្រើប្រាស់ទិន្នន័យ ការវាយតម្លៃផ្នែកសេដ្ឋកិច្ចសុខាភិបាល (Economics Evaluation) សមត្ថភាពការរៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ នៅកម្ពុជា
(២) រៀបចំឲ្យមានសកម្មភាពជាបន្តបន្ទាប់ ក្នុងការរៀបចំកិច្ចពិភាក្សា (policy dialogue) ផ្សព្វផ្សាយនិងអនុវត្តពង្រាងអនុសាសន៍គោលនយោបាយសុខភាពសាធារណៈជាតិដែលបានបង្កើតឡើង
(៣) រៀបចំឲ្យមានយន្តការសម្រាប់តាមដាន និងវាយតម្លៃលើការអនុវត្តអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ
(៤) រៀបចំពង្រឹងសមត្ថភាព និងយន្តការ D2P localization នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងដើរតួជា លេខាធិការដ្ឋានរបស់ក្រសួងសុខាភិបាលសម្រាប់រៀបចំនិងតាមដានកិច្ចការងារគាំទ្រគោលនយោបាយសុខាភិបាលជាតិ។
វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីអង្គការ Vital Strategies និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសមកពី នាយកដ្ឋានផ្សេងៗ នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ នៃក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ ក្រសួងកិច្ចការនារី និងវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ប្រមាណ៥០រូប។