Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស (The 21st Meeting of Cambodia-Viet Nam Joint Commission on Economic, Cultural, Scientific and Technical Cooperation)
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស (The 21st Meeting of Cambodia-Viet Nam Joint Commission on Economic, Cultural, Scientific and Technical Cooperation) នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំរួមមាន៖ ១)កិច្ចប្រជុំកម្រិតបច្ចេកទេស ២)កិច្ចប្រជុំឧត្តមមន្រ្តី និង ៣)កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២។
កិច្ចប្រជុំពេញអង្គទ្វេភាគី បានប្រព្រឹត្តិទៅក្រោមសហដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃប្រទេសទាំង២ សរុបជាង ៩០រូប ។

កិច្ចប្រជុំពេញអង្គ បានស្តាប់បទអន្តរាគមន៍ ថ្លែងដោយឯកឧត្តមសហប្រធានទាំង ២រូប ស្តីពីការផ្លាស់ប្តូរ ទស្សនៈត្រង់ទៅ ត្រង់មក លើទិដ្ឋភាពកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស អប់រំ សុខាភិបាល កសិកម្ម និងការតភ្ជាប់ ព្រមទាំងទិដ្ឋភាពនៃការវិវត្តន៍យ៉ាងលឿនមិនអាចប៉ាន់ស្មាននៅក្នុងតំបន់ក៏ដូចជាពិភពលោក។ អង្គប្រជុំក៏បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល។

សូមបញ្ជាក់ផងដែរថា ភាគីវៀតណាមនឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២២ នាឆ្នាំ២០២៦ តាមពេលវេលាសមស្រប និងគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកទី២២។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9