រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យវឌ្ឍនភាព និងវាយតម្លៃការអនុវត្តគម្រោង ដោយក្រុមបេសកកម្មគាំទ្រការអនុវត្ត (Implementation Support Mission) នៃធនាគារពិភពលោក។
គោលបំណង នៃកិច្ចប្រជុំ ដើម្បីបង្ហាញ៖
- ពិនិត្យលទ្ធផលការងារដែលក្រុមបេសកកម្មបានរកឃើញ
- ពិនិត្យចំណុចដែលត្រូវឯកភាព និងចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម ទៅលើសកម្មភាពការងារ
- ពិភាក្សារកដំណោះស្រាយនូវបញ្ហាប្រឈមនានា
- កំណត់សកម្មភាព និងកាលបរិច្ឆេទដែលត្រូវអនុវត្តបន្ត
- ជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា
ជាលទ្ធផល ក្រុមការងារបេសកកម្មធនាគារពិភពលោក បានបង្ហាញថា គម្រោងមានវឌ្ឍនភាព និងបានសម្រេចលទ្ធផលមួយចំនួនសំខាន់ៗ តាមការឯកភាពនៅបេសកកម្មកន្លងមក។ សកម្មភាពជាច្រើនបានបញ្ចប់ និងមួយចំនួនទៀតកំពុងពង្រឹងការអនុវត្តបន្ត។ បញ្ហាប្រឈមមួយចំនួនក៏ត្រូវ បានដោះស្រាយ និងក្រុមការងារបានកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចតាមផែនការដែលបានកំណត់។
ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចជា ការរៀបចំផែនការថវិកាឆ្នាំ២០២៦ របស់គម្រោង និងសូមបន្តយកចិត្តទុកដាក់ ពន្លឿននូវការងារដែលនៅសេសសល់ឱ្យបានចប់ទៅតាមដែលពេលវេលាកំណត់ ដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ World Bank DFAT GFF KOICA KfW ។