Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្អាង និងមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោងនៅខេត្តកណ្ដាល
ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៥

ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្អាង និងមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោង ជុំទី៣ នៅខេត្តកណ្ដាល។

 

គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារដូចជា៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤) ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។

 

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តដែលបានអនុវត្តតាមការណែនាំរបស់ក្រុមការងារក្រសួងបានឱ្យឃើញនូវភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកជុំទី១ និងទី២កាលពីចុងឆ្នាំ២០២៣ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែមត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ជំរុញលើកទឹកចិត្តក្នុងការបន្តអនុវត្តការងារមួយចំនួនដូចជា៖

១.បន្តអនុវត្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ

២.បន្តអនុវត្តសកម្មភាពបម្រើសេវាដោយបន្តផ្តល់ការបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង

៣. ទំនាក់ទំនងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសុខសុវត្ថិភាព ជូនទាំងមន្ត្រីប្រចាំការនិងប្រជាជនមកទទួលសេវាព្យាបាល

៤. ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺដោយបំពាក់ឧបករណ៍ គ្រប់គ្រងហានិភ័យប្រកបដោយបច្ចេកទេស ដើម្បី ធានាបានសុវត្ថិភាពខ្ពស់ និងទាន់ពេលវេលា

៥. បន្តអនុវត្តការរៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ គោរពឋានានុក្រមការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគិតប្រយោជន៍រួមជាធំ

៦. បន្តអនុវត្តការពង្រឹងការងារប្រជុំបច្ចេកទេស និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម បន្តចែករំលែកឱ្យបានទូលំទូលាយស្តីពីការបណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលបានឧទ្ទេសនាមដោយផ្ទាល់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី

៧. បន្តអនុវត្តការផ្សព្វផ្សាយសារអប់រំសុខភាព និង ផ្សព្វផ្សាយសំដៅការលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវជូនប្រជាជន

៨. បន្តអនុវត្តការថែទាំទុកដាក់ឱសថ បរិក្ខារ សម្ភារៈ ឱ្យបានត្រឹមត្រូវ និង

៩. បន្តអនុវត្តការរៀបចំផ្នែកបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ និងណែនាំអ្នកជំងឺប្រកបដោយទំនុកចិត្ត និងស្នាមញញឹម។

 

គួរបញ្ជាក់ថាបេសកកម្មខាងលើក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក ព្រមទាំងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកទាំង០២ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7