រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយមន្រ្តីសុខាភិបាល បានអញ្ជើញចូលរួម ពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៧៧ ក្រោមប្រធានបទ “ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាលសន្និសីទចតុមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រារព្ធទិវាសិទ្ធិមនុស្ស ឆ្នាំនេះ ធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងប្រឈមនូវជម្លោះ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយការឈ្លានពានពីយោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា និងបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន រំលោកច្បាប់អន្តរជាតិ និងរំលោភគោលការណ៍មនុស្សធម៌អន្តរជាតិ។
ប្រធានបទខាងលើ បានឆ្លុះបញ្ចាំងពីតថភាពនិង ស្ថានភាព នៃពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន ជាពិសេស សម្រាប់ប្រទេសកម្ពុជា ដែលសន្ដិភាពទទួលបានមកយ៉ាងលំបាកបំផុត។ សន្ដិភាព និងសិទ្ធិមនុស្ស មានអន្តរកម្ម និងគាំទ្រគ្នាទៅវិញទៅមក ពោលគឺ មានសន្ដិភាពទើបមនុស្សគ្រប់រូបមានឱកាសទទួលបាននូវសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ខ្លួន និងមានការការពារសិទ្ធិមនុស្ស ទើបអាចថែរក្សាសន្ដិភាពបានគង់វង្សយូរអង្វែង។ គុណតម្លៃនៃសន្តិភាព ហើយដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ជាអាទិភាពខ្ពស់បំផុតលើការ ថែរក្សាសន្តិភាព មានសន្តិភាពគឺជាការការពារសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានដំបូងបំផុតរបស់មនុស្ស។
ឯកឧត្តមបានបន្តថា សន្តិភាពបានផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសុខាភិបាល សង្គមកិច្ច សេដ្ឋកិច្ច អប់រំ ការងារ សិទ្ធិស្ត្រី កុមារ ជនមានពិការភាព ជនងាយរងគ្រោះ ការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក និងការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជន។
សូមបញ្ជាក់ជូនថា ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន តំណាងស្ថានទូត តំណាងអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) តំណាងអង្គការសង្គមស៊ីវិល សិល្បៈករ សិល្បៈការី និងនិស្សិត ប្រមាណ ៧០០រូប។
