រាជធានីភ្នំពេញ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី និយាម និងអភិបាលកិច្ចនៃប្រព័ន្ធចែករំលែកទិន្នន័យសុខាភិបាល និងសូចនាករតាមដានការផ្តល់សេវានៅមន្ទីរពេទ្យជាតិនៅកម្ពុជា នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ មានគោលបំណងដាក់បង្ហាញពីប្រព័ន្ធចែករំលែកទិន្នន័យសុខាភិបាល (data sharing platform) ជាមួយនិយាមក្នុងការអភិបាលទិន្នន័យ (data governance policy) ដើម្បីជាជំនួយដល់អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញសុខភាពសាធារណៈ អ្នកគ្រប់គ្រងនៅតាមមន្ទីរពេទ្យ និងអ្នកប្រើប្រាស់ទិន្នន័យផ្សេងទៀត អាចចែករំលែកនិងស្នើសុំទិន្នន័យទៅប្រើប្រាស់បានទូលំទូលាយក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យជាប្រយោជន៍ដល់ការរៀបចំគោលនយោបាយ និងប្រព័ន្ធសុខាភិបាល និងពិភាក្សាអំពីបញ្ជីសូចនាករសម្រាប់តាមដានសមត្ថកម្មនៃការផ្តល់សេវានៅតាមមន្ទីរពេទ្យជាតិ។
ឯកឧត្តមវេជ្ជបណ្ឌិត បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលតែងតែមានគំនិតផ្តួចផ្តើម និងខិតខំស្វែងរកមធ្យោបាយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះនៃសុខាភិបាលឌីជីថល និងពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល។ ឯកឧត្តមបានមានប្រសាសន៍ថា គម្រោងផ្តួចផ្តើមនេះបានចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល២០២៥-២០៣៤ ក្នុងការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលតាមរយៈការអភិវឌ្ឍទិន្នន័យ ប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខាភិបាលឌីជីថល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានអំពាវនាវដល់នាយកដ្ឋានពាក់ព័ន្ធក្រោមចំណុះក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិទាំងអស់ និងដៃគូអភិវឌ្ឍន៍ចូលរួមគាំទ្រគម្រោងផ្តួចផ្តើមដ៏សំខាន់មួយនេះ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងផ្តល់កិច្ចសហការឱ្យបានពេញលេញ ដើម្បីជាប្រយោជន៍ដល់ការពង្រឹងគុណភាពផ្តល់សេវានៅតាមមន្ទីរពេទ្យ ប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាពនិងសុខមាលភាពរបស់ប្រជាជនយើង។
គួរឱ្យកត់សម្គាល់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះមានការចូលរួមផ្តល់ធាតុចូលយ៉ាងផុសផុលពីមន្ត្រី និងបុគ្គលិកជំនាញពីអង្គភាពពាក់ព័ន្ធក្រោមចំណុះក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ អង្គភាពដែលប្រមូលនិងប្រើប្រាស់ទិន្នន័យសុខាភិបាល អង្គភាពផ្តោតលើបច្ចេកវិទ្យាឌីជីថល និងអង្គការដៃគូអភិវឌ្ឍន៍នានា ចំនួន ៦០នាក់។ សិក្ខាសាលានេះ បានទទួលថវិកាគាំទ្រពី China Medical Board តាមរយៈគម្រោងពង្រឹងសមត្ថភាពវិភាគទិន្នន័យសម្រាប់គោលនយោបាយ និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា៕