ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តសៀមរាប មន្ទីរពេទ្យបង្អែកក្រឡាញ់ និងជំរុំភៀសសឹក។
នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារគ្រូពេទ្យឯកទេស ដើម្បីផ្ដល់មតិយោបល់ និងធាតុចូលមួយចំនួន ក្នុងការពង្រឹងការថែទាំព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរលូនល្អប្រសើរថែមទៀត ជូនដល់វីរៈកងទ័ពនិងបងប្អូនប្រជាពលរដ្ឋភៀសសឹក។
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋភៀសសឹកមកពីខេត្តឧត្តរមានជ័យ នៅជំរុំភៀសសឹកវត្តបូណ៌ខ្នាតេជោ មានប្រជាពលរដ្ឋភៀសសឹកចំនួន ៦០៣ គ្រួសារ ស្មើនឹង ១៨៨៧នាក់ និងជំរុំភៀសសឹក វត្តប្រាសាទបទុមមោង មានប្រជាពលរដ្ឋភៀសសឹកចំនួន ១៣៩០ គ្រួសារ ស្មើនឹង ៤២៩៣នាក់។
សូមបញ្ជាក់ផងដែរ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និងស្រុកប្រតិបត្តិក៏ដូចជាមណ្ឌលសុខភាព បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យប្រចាំការពិគ្រោះព្យាបាល និងបម្រើសេវាសុខាភិបាល នៅគ្រប់ជំរុំភៀសសឹកទាំងអស់ ដោយមានការសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរដែនដីនៅទីនោះ។