រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការពង្រឹងការបណ្តុះបណ្តាលការគ្រប់គ្រងមន្ទីរពេទ្យនៅកម្ពុជា"។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីប្រមូលនូវធាតុចូលក្នុងរៀបចំនូវកម្មវិធីសិក្សា និងគោលការណ៍សម្រាប់ពង្រឹងការបណ្តុះបណ្តាល ការគ្រប់គ្រងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកនានា ឱ្យមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីបណ្តុះបណ្តាលនេះ មានគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាលាជាន់ខ្ពស់សុខភាពសាធារណៈនៃប្រទេសបារាំង សហការជាមួយវិទ្យាស្ថានសុខភាពសាធារណៈ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៃកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ក្នុងអង្គសិក្ខាសាលាដូចតទៅ៖
១. សូមដាក់បញ្ចូលក្នុងមុខវិជ្ជានៃការគ្រប់គ្រងមន្ទីរពេទ្យ (Hospital Management) នូវការពង្រឹងការគ្រប់គ្រងលើគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ (Quality of services and patient safety) ឱ្យបានជាក់លាក់ និងច្បាស់លាស់
២. សូមនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ធ្វើការសម្របសម្រួលឱ្យមានការបណ្តុះបណ្តាល ជាលក្ខណៈសមាហរណកម្ម (Integrated course) ជាបន្តបន្ទាប់ ប្រកបដោយនិរន្តរភាព ជាមួយវិទ្យាស្ថានសុខភាពសាធារណៈ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
៣. សូមឱ្យមាន ''យន្តការវាស់វែង" ច្បាស់លាស់ ដើម្បីតាមដាននូវចំណេះដឹងជាទ្រឹស្តី និងការដែលបានអនុវត្តនៅនឹងកន្លែង ដើម្បីពិនិត្យនូវលទ្ធផលនៃការគ្រប់គ្រងមន្ទីរពេទ្យក្នុងរយៈពេលកន្លងមក
៤. សូមប្រមើលមើលពីផែនការរំពឹងទុកក្នុងរយៈពេល ខ្លី និងមធ្យម នៃការបណ្តុះបណ្តាលនេះ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អនៃការពង្រឹងដំណើរការគ្រប់គ្រងមន្ទីពេទ្យនានា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យថ្នាក់ជាតិទាំង១២ និងមន្ទីរពេទ្យខេត្តទាំង២៥ រាជធានី ខេត្ត។