ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ជាតិ ចុះអភិបាលក្រោយបណ្តុះបណ្តាលសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងសុវត្ថិភាពប្រព័ន្ធបញ្ជូនអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តមង្គលបុរី និងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់មន្ទីរពេទ្យរួមមក ជំហានបន្ទាប់ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការបណ្តុះបណ្តាលសេវាសង្គ្រោះបឋម សង្រ្គោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រពន័្ធបញ្ជូនអ្នកជំងឺ ដែលបានសិក្សារួចនៅដំណាក់កាលទី១ រួមមាន៖
១. ពង្រឹងការបណ្តុះបណ្តាលបន្ត ដល់វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងក្រុមការងាររថយន្តគិលានសង្រ្គោះ ដែលមានការបង្ហាញជាទ្រឹស្តីសំខាន់ខ្លីៗ និងការអនុវត្តផ្ទាល់ នៅនឹងគ្រែអ្នកជំងឺតែម្តង
២. ធ្វើឱ្យមានភាពបំណិន ការប្រើប្រាស់ សម្ភារ ឧបករណ៍ បរិក្ខារ នៃផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្រ្គោះ
៣. ការគ្រប់គ្រង ត្រួតពិនិត្យ ថែទាំ លើសម្ភារ បរិក្ខារពេទ្យ និងឱសថ ដោយផ្ទៀងផ្ទាត់ជាប្រចាំ និងឱ្យបានត្រឹមត្រូវ
៤. បង្កើនទំនាក់ទំនងប្រព័ន្ធបញ្ជូនជំងឺ រវាងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត និងស្រុក ដើម្បីទទួលព័ត៌មានទាន់ពេលវេលា។
ឯកឧត្តមសាស្ត្រាចារ្យ បានសំណូមពរឱ្យរាល់ការប្រជុំពេលព្រឹក ត្រូវមានការរាយការណ៍ពីស្ថានភាពជំងឺក្នុងរយៈពេល២៤ម៉ោង កន្លងមកតាមផ្នែកនីមួយៗ ជាពិសេសជំងឺចូលពេលម៉ោងយាម និងជំងឺដែលបានបញ្ជូន ដោយត្រូវកត់ត្រាច្បាស់លាស់ក្នុងសៀវភៅយាមប្រចាំថ្ងៃ។ ជាមួយនេះផងដែរ សូមឲ្យគ្រូពេទ្យដែលទទួលការបណ្តុះបណ្តាលត្រូវយកទៅបង្រៀន និងចែករំលែកនូវចំណេះដឹងថ្មីៗទាំងនេះទៅដល់សហការី និងត្រូវមានទំនាក់ទំនងជាមួយមណ្ឌលសុខភាព។
ប្រឈមនឹងស្ថានការណ៍បច្ចុប្បន្ន ដែលមានការឈ្លានពានពីប្រទេសសៀម សូមយកចិត្តទុកដាក់ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងទទួលការថែទាំ ព្យាបាលបងប្អូនវីរៈកងទ័ព ក៏ដូចជាបងប្អូនប្រជាជនដែលទទួលគ្រោះថ្នាក់ ឱ្យលើសពីសមត្ថភាពដែលអាចធ្វើបាន និងមានការកត់ត្រាជារបាយការណ៍ឱ្យបានច្បាស់លាស់។