Cambodia
ព័ត៌មានលំអិត

Image
ពិធិបិទ វគ្គសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពលើផែនការមេ និម្មាប័នកម្មសហគ្រាស សុខាភិបាលឌីជីថល
ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពីធីបិទ វគ្គសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពលើផែនការមេ និម្មាប័នកម្មសហគ្រាស ដែលរៀបចំដោយនាយកដ្ឋានសុខាភិបាលឌីជីថល សហការជាមួយ អង្គការសុខភាពពិភពលោក។

ឆ្លៀតក្នុងពិធីបិទវគ្គសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាជម្រើសទេ តែជាភាពចាំបាច់សម្រាប់គាំទ្រ ដល់ការពង្រឹងការងារបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិត ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងឆាប់រហ័យ។ ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមថា អ្នកជំងឺមានការផ្លាស់ប្តូរទីតាំងគ្រប់កន្លែង ដែលធ្វើឱ្យគ្រូពេទ្យមានការស្មុគស្មាញ និងចំណាយពេលច្រើនក្នុងការ តាមដាន និងវិភាគនូវស្ថានភាពសុខភាពរបស់អ្នកជំងឺ ដូច្នេះ យើងត្រូវរៀបចំការងារនេះ ឱ្យរួមបញ្ចូលគ្នាជាប្រព័ន្ធសុខាភិបាលតែមួយ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការធ្វើបរិវត្តកម្មប្រព័ន្ធសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរៀបចំប្រព័ន្ធសុខាភិបាល ឱ្យរួមបញ្ជូលគ្នាតែមួយបាន។ បន្ទាប់ពីសិក្ខាសាលានេះ ក្រុមការងាររបស់នាយកដ្ឋានសុខាភិបាលឌីជីថល នឹងកែលម្អផែនការមេ (Blueprint) ដោយផ្អែកលើការចូលរួមផ្តល់មតិយោ​បល់របស់សិក្ខាកាម ដើម្បីជាមាគ៌ាមួយក្នុងការអភិវឌ្ឍសុខាភិបាលឌីជីថលនៅកម្ពុជា។

មុននឹងបញ្ជប់ ឯកឧត្តមបានផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖

- នាយកដ្ឋានសុខាភិបាលឌីជីថល ត្រូវយកធាតុចូលទាំងអស់ ក្នុងដែលទទួលបានក្នុងវគ្គសិក្ខាសាលានេះ មកសម្រិតសម្រាំង ដើម្បី ធ្វើឱ្យការងារនេះដំណើរការទៅដោយរលូន

- សូមអង្គភាពពាក់ព័ន្ធ ចូលរួមសហការ ដើម្បីជួយសម្រួលការងារ រៀបចំផែនការមេនេះ ឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ

- សូមសិក្ខាកាមតំណាងអង្គភាព ទាំងអស់យកខ្លឹមសារក្នុងវគ្គសិក្ខាសាលនេះ ទៅផ្សព្វផ្សាយបន្ត ដល់អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីយល់ដឹងបន្ថែម

- ស្នើសុំឱ្យវិស័យឯកជន ចូលរួមសហការ និងគាំទ្របន្ថែម

- ស្នើសុំដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រ ទាំងបច្ចេកទេស និងធនធាន ដល់ការងារបរិវត្តកម្មប្រព័ន្ធសុខាភិបាលនេះ ដើម្បីសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក។

ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោក លោកស្រី តំណាងអង្គភាពសុខាភិបាល អង្គការ និងដៃគូអភិវឌ្ឍន៍ ទាំងអស់ដែលបានចូលរួមចំណែកក្នុងការផ្តល់ជាធាតុចូលក្នុងការរៀបចំផែនការមេនេះ ប្រកបដោយជោគជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9