ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា មណ្ឌលសុខភាពគូលេន និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។
ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងការរៀបចំរំហូរអ្នកជំងឺពិសេសសម្រួល ដល់ការរៀបចំទីកន្លែង សម្រាប់ព្យាបាលដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹកដែលមកទទួលសេវាព្យាបាល។
សូមបញ្ជាក់ផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ជាពិសេសផ្នែកសុខភាព ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យប្រចាំការពិគ្រោះព្យាបាល ផ្ដល់ឱសថ និងបម្រើសេវាសុខាភិបាល នៅគ្រប់មណ្ឌលសុវត្ថិភាពភៀសសឹក។