ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប(MPDSR) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់រាជធានី ខេត្ត លើកទី៥ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ខេត្តបន្ទាយមានជ័យ ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ។
តាមរយៈរបាយការណ៍ នៃវគ្គបណ្តុះបណ្តាលនេះ បង្ហាញថាសិក្ខាកាមដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្តទាំង៥ បានខិតខំ និងចូលរួមយ៉ាងសកម្មរហូតទទួលបានលទ្ធផលល្អប្រសើរជាទីពេញចិត្ត។ ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុន និងក្រោយការសិក្សាបង្ហាញពីលទ្ធផលល្អជាទីកត់សម្គាល់ពីពិន្ទុមធ្យម៦៤% (មុនការសិក្សា) រហូតដល់ ៩៣% (ក្រោយការសិក្សា)។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងសិក្ខាកាមដែលចូលរួម៖ (១) ត្រូវរៀបចំគណៈកម្មការMPDSR ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និងថ្នាក់មន្ទីរពេទ្យស្រុក ដោយអនុលោមតាមពិធីសារជាតិពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥ (២) សូមយកផែនការបណ្តុះបណ្តាល ដែល មាន រួចទៅអនុវត្តដល់មន្រ្តីក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា (៣) ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារកដោយប្រើទម្រង់ទាំង៣ (ការវិភាគរកឬសគល់MCCD ស្វែងរកកក្តាយឺតយ៉ាវទាំងបី 3 Delays និង ផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវផ្ញើរបាយការណ៍ឱ្យបានទាន់ពេលវេលាមកគណកម្មាការជាតិ តាមរយះលេខាធិការដ្ឋានរបស់គណកម្មការMPDSR ថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ (៤) ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អរវាងផ្នែកពាក់ព័ន្ធ មានដូចជាផ្នែកសម្ភព និងផ្នែកទារក ផ្នែកសង្គ្រោះបន្ទាន់/សណ្តំក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប ដើម្បីវិភាគករណីនិមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ (៥) ត្រូវពង្រឹងទំនាក់ទំនងរវាង មន្ទីរពេទ្យជាតិ និងក្រោមជាតិក្នុងការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកដើម្បីឱ្យការវិភាគមានលក្ខណ:គ្រប់ជ្រុងជ្រោយ និង(៦) សម្រាប់គ្រូបង្គោលMPDSR ថ្នាក់ជាតិត្រូវបន្តបណ្តុះបណ្តាលដល់គណកម្មការពិនិត្យមរណភាពមាតា និងទារកថ្នាក់ខេត្ត និងជួយគាំទ្រដល់គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិក្នុងការជួយបណ្តុះបណ្តាលដល់មន្ទីរពេទ្យខេត្តសម្ព័នមេត្រី។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមដោយផ្ទាល់ចំនួន ៣៣រូប និងតាមប្រព័ន្ធនិមិត្តជាច្រើនរូប។