រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៥ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកខុទ្ទការល័យ និងឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រជុំជាមួយអង្គការ KHANNA និងអង្គការ CHAI ដើម្បីពិនិត្យលើលទ្ធផលបឋម និងពិគ្រោះយោបល់លើជំហានបន្ទាប់ នៃគម្រោងការសិក្សាជាក់ស្តែង និងការរៀននៅក្នុងកម្មវិធីអុកស៊ីសែនវេជ្ជសាស្ត្រ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ៤ចំណុចសំខាន់ៗរួមមាន៖(១) នាយកដ្ឋានមន្ទីរពេទ្យ ត្រូវបន្តអនុវត្តជាមួយអង្គការដៃគូ ដើម្បីពិនិត្យលទ្ធភាពនៃការព្យាបាល និងថែទាំដោយអុកស៊ីសែន និងត្រូវធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ឬឯកសារជំនួយស្មារតីដល់មូលដ្ឋានសុខាភិបាល (២) ការវាស់អុកស៊ីសែនចាប់ពីថ្ងៃដំបូង និងការពិនិត្យជាប្រចាំថ្ងៃ មានសារៈសំខាន់ណាស់ សម្រាប់ការសង្រ្គោះអ្នកជំងឺជាពិសេសទៅលើកុមារ និងទារក អ្នកជំងឺសង្រ្គោះបឋម អ្នកជំងឺសង្គ្រោះបន្ទាន់ អ្នកជំងឺវះកាត់ និងស្ត្រីសម្រាលកូន (៣) ត្រូវបណ្តុះបណ្តាលច្បាស់លាស់នៅក្នុងផ្នែកនីមួយៗ និងបណ្តុះបណ្តាលពីការប្រើប្រាស់ឧបករណ៍ ទៅលើបុគ្គលិកក្នុងការព្យាបាលឱ្យមានប្រសិទ្ធភាព (៤) បង្កើតជាគោលនយោបាយ SOP ធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលជាទៀងទាត់ និងត្រូវមានប្រព័ន្ធតាមដាន និងវាយតម្លៃជាប្រចាំ។
លោកជំទាវឱសថការី រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍បន្ថែម ក្នុងការសិក្សាស្រាវជ្រាវលើមន្ទីរពេទ្យមួយចំនួនទៀត និងការរៀបចំគោលនយោបាយសង្ខេប(Policy Brief) ដើម្បីដាក់ជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិនិត្យ។ ជំហានបន្ទាប់នៃកិច្ចប្រជុំ៖
(១) ចែករំលែកបង្ហាញ
(២) គោលនយោបាយសង្ខេប
(៣)ការវិភាគទិន្នន័យផ្លូវការ និងការបោះពុម្ពផ្សាយ
(៤) សិក្ខាសាលាផ្សព្វផ្សាយទូលំទូលាយ
(៥) សហការណ៍ក្នុងការធ្វើអន្តគមន៍ និងការស្រាវជ្រាវអនុវត្ត។