Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាមួយគណៈប្រតិភូ នៃអង្គការស៊ី អារ អេស (CRS)
ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល បានទទួលជួបលោក Art Kirby ប្រធានបេសកកម្ម និងក្រុមការងារ នៃអង្គការស៊ី អារ អេស (CRS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលមានការចូលរួមអមដោយ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល លោកស្រីប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លោកអនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ CRS ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រគម្រោង រួមគ្នាឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ ការគ្រប់គ្រងការឆ្លងរាលដាលមេរោគអេដស៍ រក្សាបាននូវវឌ្ឍនភាព និងឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណ:នៅកម្ពុជា។

លោកប្រធានបេសកកម្ម បានជម្រាបជូន លោកជំទាវរដ្ឋលេខាធិការថា អង្គការ CRS បានធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ ក្នុងការរៀបចំនូវគោលនយោបាយជាតិ និងចូលរួមជួយរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រ ៩៥-៩៥-៩៥ ។ តាមរយៈគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិខាងលើ អង្គការ CRS បានចូលរួមគាំទ្រដល់ដំណើរការក្រុមការងារបច្ចេកទេសការស្រាវជ្រាវករណីថ្មី ការបន្តស្ថិតក្នុងសេវា ការលេបថ្នាំត្រឹមត្រូវ ទៀងទាត់ជាប់លាប់ រួមទាំងតាមដានករណីនៅសហគមន៍ដោយសហការជាមួយអ្នកពាក់ព័ន្ធផ្សេងៗទៀត ការផ្តល់សេវាតាមស្វែងរកដៃគូ និងធ្វើតេស្តរកមេរោគអេដស៍ (PNTT) នៅតាមសេវាព្យាបាល ART ការគ្រប់គ្រង និងឃ្លាំមើលករណីគ្រុនចាញ់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ ១-៣-៧។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ អង្គការ CRS ដែលបានចូលរួមចំណែកជាមួយថ្នាក់ជាតិក្នុងការកែសម្រួល ឬបង្កើតនិយាមបែបបទនៅកម្ពុជា ដើម្បីឈានទៅលុបបំបាត់នូវជំងឺអេដស៍ របេង និងគ្រុនចាញ់។

 

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8