ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមអនុសាសន៍ណែនាំ និងការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រួមជាមួយឯកឧត្តមសាស្ត្រាចារ្យ វ៉េង ថៃ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកក្រុមការងារប្រចាំការ របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមទី១ និងឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានដឹកនាំក្រុមប្រចាំការ (២៤ម៉ោង) ដើម្បីតាមដានសភាពការណ៍ និងជួយគាំទ្រដល់មូលដ្ឋានសុខាភិបាលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញមកពី អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងនាយកដ្ឋានមន្ទីរពេទ្យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញឆ្លៀតចុះពិនិត្យគាំទ្រ និងចូលរួមផ្តល់ជាអនុសាសន៍ ដល់ក្រុមការងារប្រចាំការ ក្នុងការគ្រប់គ្រងសភាពការណ៍ អាទិភាព នៃការត្រូវដោះស្រាយ វាយតម្លៃពីផលប៉ះពាល់ និងត្រៀមគាំទ្រ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យបានការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងវីរកងទ័ព ដែលគ្រប់ស្ថានភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាព។