រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ កំណត់ដំណោះស្រាយ រៀបរៀងរួមគ្នានូវគំរូជំរុញបង្កើនការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖
១. ពិនិត្យ និងសរុបលទ្ធផលនៃដំណើរការជំហានមុន ដោយរំលឹកចំណុច សំខាន់ៗពីសិក្ខាសាលាជំហានទី១ និងពិនិត្យលទ្ធផលសិក្សាប៉ាន់ប្រមាណក្នុងជំហានទី២ នៅខេត្តគោលដៅទាំងបី
២. រៀបរៀងរួមគ្នានូវគំរូជំរុញបង្កើនការថែទាំសុខភាពបឋមនៅថ្នាក់ក្រោមជាតិដោយយកលទ្ធផលសិក្សាប៉ាន់ប្រមាណជាមូលដ្ឋាន សម្រាប់បង្កើតគំរូអនុវត្តសមស្របនឹងបរិបទ និងតម្រូវការពិតប្រាកដសម្រាប់ ការអនុវត្ត PHC-BIF model
៣. កំណត់ដំណោះស្រាយដើម្បីពង្រឹងការអនុវត្តការថែទាំសុខភាពបឋមដោយផ្តោតលើការតម្រង់ទិសគំរូសេវាសុខាភិបាលមូលដ្ឋាន ការវិនិយោគលើការថែទាំសុខភាពបឋមឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលសម្រាប់ប្រព័ន្ធសុខាភិបាល។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងកំណត់ដំណោះស្រាយអនុវត្តជាក់ស្តែង ស្របតាមតម្រូវការដែលបានកំណត់តាមលទ្ធផលសិក្សាប៉ាន់ប្រមាណក្នុងជំហានទី២ សម្រាប់ខេត្តគំរូទាំងបី និងមានការចូលរួមពីសិក្ខាកាមចំនួន ៧២រូប រួមមាន អគ្គនាយករងបច្ចេកទេសសុខាភិបាល អភិបាលរងនៃគណអភិបាលខេត្ត សមាជិក-ជិកាក្រុមការងារខេត្ត និងមន្ទីរសុខាភិបាលខេត្ត និងស្រុកចំនួន ៣ គឺ កំពង់ចាម បាត់ដំបង និងស្វាយរៀង មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លេខាធិការដ្ឋាន នៃក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋម នាយកដ្ឋាន ពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធ រួមមាន កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ. អ.ប) ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) បេឡាជាតិសន្តិសុខសង្គម អង្គការដៃគូសុខាភិបាលចំនួន ១០។
សិក្ខាសាលានេះ មានការរៀបចំ និងឧបត្ថម្ភគាំទ្រដោយអង្គការសុខភាពពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH Cambodia)។