Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ ៖ ពេលនេះជាងពេលណាៗទាំងអស់ ដែលមន្រ្តីសុខាភិបាលយើងគ្រប់លំដាប់ថ្នាក់ កាន់តែរួបរួមគ្នាឱ្យក្លាយទៅជាព្រលឹងសុខាភិបាលតែមួយ សម្រាប់ជាតិកម្ពុជាយើង។
ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥

រសៀលថ្ងៃអង្គារ ១១ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា  ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ  វីដេអូសន្និសីទ(Zoom) សរុបចំនួន ២៨៥៦នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកពីរបៀបដឹកនាំ និងគ្រប់គ្រងការងារថែទាំ និងព្យាបាលជំងឺ នៅក្នុងពេលដែលមានចម្បាំងឈ្លានពាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពដូចពេលនេះ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវតែរួបរួមគ្នា (Unity of the spirit) ទាំងកំលាំងកាយនិងកំលាំងចិត្ត ដើម្បីបម្រើសេវា និងដើម្បីទប់ទល់ជាមួយនឹងសង្គ្រាមចិត្តសាស្រ្ត ដែលសត្រូវបានប្រើប្រាស់ ក្នុងគ្រប់រូបភាពដើម្បីបំបែកបំបាក់ស្មារតីរបស់ប្រជាជនយើង។ នៅចំពោះមុខឧបសគ្គបែបនេះ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវផ្តោតលើតួនាទីសំខាន់ៗ ចំនួន៤គឺ (១) បំពេញឱ្យបាននូវមុខងារសំខាន់របស់វិស័យសុខាភិបាល គឺជាការបម្រើសេវាថែទាំ និងព្យាបាលដល់ប្រជាជនដោយមិនរើសមុខ (២) តំកល់ភាពខ្ពស់បំផុត នៃជីវិតអ្នកជំងឺដែលត្រូវសង្គ្រោះ (៣) រក្សាការពារសុវត្ថិភាពបុគ្គលិកសុខាភិបាលឱ្យអស់លទ្ធភាព ដើម្បីផ្តល់ឱកាសជូនបុគ្គលិកសុខាភិបាលអាចជួយអ្នកជំងឺ និងអ្នករបួស និង(៤) ការដឹកនាំការងារសុខាភិបាល ត្រូវធ្វើឡើងតាមខ្សែបន្ទាត់គណនេយ្យភាពតែមួយ និងច្បាស់លាស់។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យក៏បានលើកយក ការងាររក្សាសុវត្ថិភាពរបស់មន្រ្តីសុខាភិបាល ក្នុងពេលចម្បាំងប្រដាប់អាវុធមកធ្វើការបកស្រាយលម្អិត និងបន្តផ្តល់ការណែនាំពីគន្លឺះនៃការដឹកនាំអង្គភាព ក្នុងពេលមានសង្រ្គាម ដែលតម្រូវឱ្យអ្នកដឹកនាំម្នាក់ៗ ត្រូវយកចិត្តទុកដាក់លើការងារសម្របសម្រួលជាមួយភាគីផ្សេងៗ ការរក្សាសាមគ្គីភាពជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគ្រប់គ្រង និងការប្រើប្រាស់ធនធានឱ្យចំគោលដៅ និងដោយសន្សំសំចៃ និងផ្តល់របាយការណ៍ ដែលច្បាស់ជូនថ្នាក់ដឹកនាំខាងលើបានដឹង និងផ្តល់ធាតុចូលបន្ថែម។

មុននឹងបញ្ជប់វគ្គ ក្រុមការងារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានធ្វើបទបង្ហាញពីការបង្កើនសេវាសម្រាកពេទ្យ របស់ខ្លួន និងបានចែករំលែកបទពិសោធន៍ នៃការបង្កើនការខិតខំប្រឹងប្រែង របស់បុគ្គលិក និងការបង្កើនគុណភាពសេវា។

ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់ការណែនាំជូនមន្ទីរពេទ្យសាធារណៈទាំងអស់ ធានាឱ្យបាននូវគុណភាព នៃសេវាសម្រាប់ប្រជាជនគ្រប់រូប និងបាន ផ្តាំផ្ញើរថ្នាក់ដឹកនាំអង្គភាពទាំងអស់ ដឹកនាំបុគ្គលិកសុខាភិបាល ដោយឈរលើគោលគំនិតនៃការផ្តល់តម្លៃខ្ពស់បំផុតលើក្រមសីលធម៌  ដែលប្រការនេះនឹងទាក់ទាញផ្តល់ជាលទ្ធភាព ផលប្រយោជន៍អភិវឌ្ឍន៍ផ្សេងៗទៀតយ៉ាងច្រើនជូនដល់សង្គម អង្គភាព និង បុគ្គលិកសុខាភិបាល នាពេលអនាគត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19