Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្ដុះបណ្ដាលដំបូងស្ដីពី “ការអនុវត្តតេស្តរកមេរោគអេដស៍ ស្វាយ ប្រមេះទឹកថ្លា ប្រមេះទឹកបាយ និងពពួកបាក់តេរីទ្រីកូមូណាស់”
ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ ខេមរាកំពត លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដំបូងស្ដីពី “ការអនុវត្តតេស្តរកមេរោគអេដស៍ ស្វាយ ប្រមេះទឹកថ្លា ប្រមេះទឹកបាយ និងពពួកបាក់តេរីទ្រីកូមូណាស់”  ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺចាប់ថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

គោលបំណង នៃវគ្គបណ្ដុះបណ្ដលនេះ ដើម្បីបំពេញនូវចំណេះដឹងបន្ថែមដល់មន្ត្រីសុខាភិបាល នៃគ្លីនិកសុខភាពគ្រួសារក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺបង្កតាមការរួមភេទ និងប្រដាប់បន្តពូជ និងផ្តល់ចំណេះដឹងបន្ថែមលើការធ្វើតេស្តស្រាវជ្រាវរកមេរោគអេដស៍ ដល់គ្រប់អតិថិជនទាំងអស់ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺកាមរោគនៅគ្លីនិកសុខភាពគ្រួសារ ព្រមទាំងចូលរួមធ្វើឱ្យសម្រេច បាននូវគោលដៅថ្នាក់ជាតិ៩៥% ទី១ ក្នុងការស្រាវជ្រាវរកអ្នកផ្ទុកមេរោគអេដស៍។

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១) ត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដោយគ្មានការរើសអើង មានមេត្រីភាព រក្សាការសម្ងាត់ និងផ្តោតលើអតិថិជន ជាពិសេសក្រុមប្រជាជនប្រឈម 

២) ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយ អំពីមេរោគអេដស៍ និងជំងឺកាមរោគ និងវិធានការបង្ការការចម្លងមេរោគអេដស៍ និងជំងឺកាមរោគ ឱ្យបានជាប់ជាប្រចាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម  តាមរយៈសហគមន៍ និងបញ្ចូលសារអប់រំនេះ ទៅក្នុងការអប់រំសុខភាពបឋម 

៣) ត្រូវពង្រឹងគុណភាព នៃសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺអេដស៍ និងកាមរោគ នៅតាមមូលដ្ឋានសុខាភិបាល

៤) ពង្រឹងការផ្សព្វផ្សាយ និងបង្កើនការបណ្តុះបណ្តាលសម្រាប់អ្នកផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាល

៥) ពង្រឹង និងពង្រីកគ្លីនិកសុខភាពគ្រួសារ ទៅស្រុកប្រតិបត្តិដែលមានក្រុមប្រឈមចំនួនច្រើន និងជំរុញការចុះឈ្មោះក្រុមប្រឈម ទៅក្នុងមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គម

៦) ធានាការផ្គត់ផ្គង់តេស្តធ្វើរោគវិនិច្ឆ័យ  និងព្យាបាលជំងឺ​និង​ ការ​តាមដាន​បន្ត​។ 

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត និងលោក លោកស្រី ជាគ្រូពេទ្យព្យាបាល និងមន្ត្រីមន្ទីរពិសោធន៍ នៃគ្លីនិកសុខភាពគ្រួសារ មកពី ២៣ រាជធានី ខេត្ត  តំណាង MoH-LIT  និងមន្ត្រី បុគ្គលិក មកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ  ដែលមានចំនួនសរុប ១០៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18