Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្ដីពី ការពិនិត្យលទ្ធផលរបាយការណ៍ប្រចាំឆ្នាំ២០២៥ នៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា
ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃចន្ទ ១០រោច ដល់ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី ការពិនិត្យលទ្ធផលរបាយការណ៍ប្រចាំឆ្នាំ២០២៥ នៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ អេមព្រីសអង្គរ រីសត និងស្បា ខេត្តសៀមរាប ឧបត្ថម្ភថវិកាដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង គឺ (១). ពិនិត្យលើសមិទ្ធផល វឌ្ឍនភាពសំខាន់ៗ ក្នុងការអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២៥ និងផែនការ សកម្មភាពឆ្នាំ២០២៦, (២). កំណត់បាននូវបទពិសោធន៍ បញ្ហាប្រឈម និងកំណត់បានភាពជោគជ័យ, (៣). កំណត់ផែនការសកម្មភាពអាទិភាព នៃនិរន្តភាពរបស់គម្រោង។

គម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអនុវត្តរួមគ្នារវាង ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ ដោយទទួលថវិកាពីធនាគាពិភពលោក, DFAT អូស្ត្រាលី, KFW អាល្លឺម៉ង់, GFF និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគម្រោងគ្រប់កម្រិត និងការអនុវត្តយ៉ាងសស្រាក់ស្រាំរបស់អង្គភាពទទួលបន្ទុកនៃស្ថាប័នទាំង២ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបានចាត់ទុកជាការវិនិយោគលើវិស័យសុខភាពសាធារណៈ សម្រាប់ ស្រ្តី និងកុមារ ដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែក ក្នុងការបង្កើនគុណភាព និងការមកប្រើប្រាស់សេវាអាហារូបត្ថម្ភ សុខភាពមាតា ទារក និងកុមារ ជាអាទិភាពនៅក្នុងខេត្តគោលដៅទាំង៩។

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយសមិទ្ធផលទាំងនេះជាគុណបំណាច់ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីចាប់ពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន។

ក្នុងឱកាសនោះដែរលោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្ត ដល់អាជ្ញាធរបន្តអនុវត្តសកម្មភាពចុះសួរសុខទុកតាមផ្ទះ ដើម្បីស្វែងរក និងបញ្ជូនកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ មកទទួលសេវានៅមណ្ឌលសុខភាពអោយបានទាន់ពេលវេលា និងទៀងទាត់ ព្រមទាំងបន្តក្នុងរៀបចំព្រឹត្តការណ៍សហគមន៍ តាមរយៈការគៀងគរចលនានៅក្នុងសហគមន៍ ដើម្បីរៀបចំធ្វើបបរខាប់គ្រឿង និងឆ្លៀតឱកាសក្នុងការអប់រំ ដល់គ្រួសារដែលមានកូនអាយុក្រោម៥ឆ្នាំ អោយបានខ្ជាប់ខ្ជួន ទោះគម្រោងបញ្ចប់ក្ដី ព្រោះបញ្ហាកង្វះអាហារូបត្ថម្ភ ជាឬសគល់ ដែលតែងតែកើតឡើងនៅក្នុងសហគមន៍។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានស្នើដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា ស្វែងរកដំណោះស្រាយរួម ដោយផ្អែកលើបញ្ហាប្រឈមជាក់ស្តែងនានាដែលបានជួបប្រទះក្នុងអំឡុងពេលកន្លងមក ដើម្បីពង្រឹង និងជំរុញការអនុវត្តគម្រោងដែលនៅសេសសល់    រយៈពេល៦ខែខាងមុខនេះ ឱ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា, ឯកឧត្តម ជ័យ សម្បត្តិ ផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយនៃ គ.ជ.អ.ប. និងជាប្រធានគម្រោងអាហារូបត្ថម្ភនៅកម្ពុជា, លោកស្រី ជីហូ ស៊ុយហ្សឺគី តំណាងធនាគារពិភពលោក, លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាជំនួយការនាយកគម្រោង, តំណាង DFAT អូស្ត្រាលី, តំណាង GFF, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក លោកស្រី អភិរងនៃគណៈអភិបាលខេត្តចំនួន៩, តំណាងប្រធាននៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ប្រធាន និងមន្ត្រី ការិយាល័យស្រុកប្រតិបត្តិសុខាភិបាល, មន្ត្រីរដ្ឋបាលស្រុកទទួលបន្ទុកស្រ្តី និងកុមារ និងលោក លោកស្រី ជាមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកថ្នាក់ស្រុកកម្រិត១ និង២ សរុបចំនួន ១៥៤រូប។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22