រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមកាងារ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ”។
កិច្ចប្រជុំនេះ មានគោលបំណងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដាក់ចេញនូវផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៦ នៃការងារការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS) ។
ឯកឧត្តមសាស្រ្តាចារ្យរងបានសម្តែងនូវការកោតសរសើរ ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ របស់ក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងរយៈពេល ១ឆ្នាំកន្លងមក។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការជាសិក្ខាកាម ដូចជា៖
១- ជំរុញឱ្យមានការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS) តាមយន្តការសម្រាប់ប្រយុទ្ធនឹងភាពស៊ាំនៃមេរោគទល់នឹងឱសថប្រឆាំងមេរោគនេះ ក្នុងអភិក្រមសុខភាពតែមួយ ដូចជា៖
- លើកកម្ពស់អនាម័យ និងការបង្ការការឆ្លងរោគនៅមូលដ្ឋានសុខាភិបាល និងសហគមន៍
- កាត់បន្ថយ និងគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគដោយមិនចាំបាច់ទៅលើមនុស្ស និងសត្វ
- ពង្រឹងប្រព័ន្ធតាមដានបញ្ហានៃភាពស៊ាំនៃមេរោគជាសកល
- បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអន្តរាគមន៍ជម្រុញឱ្យមានការប្រើប្រាស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគប្រកបដោយការទទួលខុសត្រូវ
២- ទាក់ទងនឹងសុខភាពប្រជាជន ការគ្រប់គ្រងការប្រើប្រាស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគ គឺជាអាទិភាពសំខាន់មួយ ក្នុងការទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ៖
- ជំរុញការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ស័ក្តសិទ្ធភាពនិងមានប្រសិទ្ធភាពល្អបំផុត
- លើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាលជូនដល់អ្នកជំងឺ ដោយធានាបាននូវការគ្រប់គ្រងជំងឺឆ្លងឱ្យបានត្រឹមត្រូវ និងកាត់បន្ថយហានិភ័យទាក់ទងនឹងការប្រើប្រាស់ឱសថប្រឆាំងមេរោគដែលមិនសមស្រប
- កាត់បន្ថយ និងទប់ស្កាត់ការកើតឡើង និងរីករាលដាលនៃភាពស៊ាំនៃមេរោគទល់នឹងឱសថប្រឆាំងមេរោគ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព តាមរយៈការកាត់បន្ថយការប្រើឱសថប្រឆាំងមេរោគដែលមិនចាំបាច់
- ការតាមដានជាប្រចាំនូវបរិមាណឱសថប្រឆាំងមេរោគ
- ការធ្វើរោគវិនិច្ឆ័យឱ្យបានសមស្រប ដើម្បីឱ្យការសម្រេចចិត្តក្នុងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ
- ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍សម្រាប់ជួយការធ្វើរោគវិនិច្ឆ័យ
- ពង្រីកសមត្ថភាពការងារ AMS ដល់មន្ទីរពេទ្យបង្អែកកម្រិត២
- ការពង្រឹងយន្តការអភិបាលកិច្ច AMS គឺជាតម្រូវការចាំបាច់របស់ប្រទេសទាំងមូល និងជាសមាសធាតុស្នូលរបស់ក្រសួងសុខាភិបាល ហើយក៏បានដាក់ចេញជាមូលដ្ឋានគ្រឹះនៃគោលនយោបាយជាតិ AMS ក្នុងផែនការយុទ្ធសាស្រ្តសុខាភិបាល ជំហានទី៤ HSP4 2025-2034 ផងដែរ។
ពិធីបើកកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជាតំណាងគណគ្រូពេទ្យជាតិ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការនិងជាប្រធានគណឱសថការីកម្ពុជា តំណាងគណឆ្មប តំណាងនាយកដ្ឋាន ក្រុមការងារ AMS មន្ទីរពេទ្យជាតិ ដៃគូអភិវឌ្ឍរួមមាន KHANA, Vital Strategies ចូលរួមផ្ទាល់សរុបប្រមាណ ៣៥រូប និងចូលរួមតាម Zoom ពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រុមការងារ AMS មន្ទីរពេទ្យបង្អែកខេត្ត ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ សរុប១៥០រូប។