ទីស្តីការក្រសួងសុខាភិបាល៖ នាព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Palladium ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Suneeta Sharma អនុប្រធានផ្នែកសុខភាពសកលនៅ Palladium និងជានាយកគម្រោង PROPEL Health ដែលផ្តល់មូលនិធិដោយ USAID។
លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍គណៈប្រតិភូ និងបានជម្រាបជូនគណៈប្រតិភូខាងលើ នូវទិដ្ឋភាពទូទៅនៃអាទិភាពបច្ចុប្បន្ន និងអាទិភាពថ្មីៗរបស់ក្រសួងសុខាភិបាល ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២៥-២០៣៤ រួមទាំងវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (UHC) ការពង្រឹងការថែទាំសុខភាពបឋម ការគ្រប់គ្រងជំងឺឆ្លង និងការប្រើប្រាស់ទិន្នន័យ និងប្រព័ន្ធសុខាភិបាលឌីជីថល ដើម្បីកែលម្អការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។
លោកស្រីវេជ្ជបណ្ឌិត Suneeta Sharma អនុប្រធានផ្នែកសុខភាពសកលនៅ Palladium បានសម្តែង ការអរគុណជូនចំពោះ លោកជំទាវរដ្ឋលេខាធិការ ដែលបានផ្តល់ឱកាសទទួលជួបពិភាក្សាការងារ និងបានបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ Palladium ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យ សុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ពីការចូលរួមចំណែកបច្ចេកទេសនាពេលកន្លងមក និងជាបន្តបន្ទាប់របស់ខ្លួន ក្នុងផ្នែកហិរញ្ញប្បទានសុខាភិបាល និងការគាំពារសុខភាពសង្គម លើកកម្ពស់គុណភាព នៃការថែទាំ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងសុខភាព ដែលត្រូវបានអនុវត្តយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើឱកាសដើម្បីពង្រឹងកិច្ចសហការ ដោយធានាថាជំនួយបច្ចេកទេស និងការវិនិយោគទាំងអស់ត្រូវបានស្របគ្នា យ៉ាងពេញលេញជាមួយនឹងអាទិភាពរបស់ក្រសួងសុខាភិបាល និងប្រព័ន្ធជាតិដែលមានស្រាប់។ ការពិភាក្សានេះក៏បានគ្របដណ្តប់លើតួនាទីនៃព័ត៌មានសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល និងប្រព័ន្ធមន្ទីរពិសោធន៍ក្នុងការគាំទ្រដល់ការធ្វើគោលនយោបាយ ផ្អែកលើភស្តុតាង ការឃ្លាំមើលជំងឺ និងការអនុវត្តប្រព័ន្ធសុខាភិបាលដែលមានលក្ខណៈរួមបញ្ចូល។