Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ៖ «គ្រូពេទ្យគ្រប់រូបត្រូវពង្រឹងក្រមសីលធម៌ និងការសិក្សារៀនសូត្រជាប្រចាំ ដើម្បីធានាគុណភាពនៃការព្យាបាល»
ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ (ក.គ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ» នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យប្រធាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា គ្រូពេទ្យគ្រប់រូបមិនត្រឹមតែត្រូវយកចិត្តទុកដាក់លើការព្យាបាល និងការធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងបន្ថែមនូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ បន្ថែមលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ការសិក្សារៀនសូត្របន្ត និងការរំលឹកឡើងវិញជាប្រចាំ គឺជាកាតព្វកិច្ចចាំបាច់របស់គ្រូពេទ្យ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជូនប្រជាពលរដ្ឋ»។

នៅក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញសំខាន់ៗពីវាគ្មិនកិត្តិយសចំនួន ២ រូប៖
១. ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ (អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក.គ.ជ.)៖ បានធ្វើបទបង្ហាញអំពីច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយផ្តោតលើលក្ខខណ្ឌតម្រូវ, ទណ្ឌកម្មខាងវិន័យ, ទោសប្បញ្ញត្តិ និងការដោះស្រាយបណ្ដឹង។ ឯកឧត្តមបានលើកឡើងនូវឃ្លាដ៏មានអត្ថន័យថា៖ «វិជ្ជាពេទ្យអាចព្យាបាលជំងឺ តែទឹកចិត្តគ្រូពេទ្យទើបអាចព្យាបាលមនុស្សបាន»។
២. ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ (នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងជាអគ្គលេខាធិការរង ក.គ.ជ.)៖ បានធ្វើបទបង្ហាញអំពីគោលការណ៍ក្រមសីលធម៌ស្នូលទាំង ៤ (ការគោរពស្វ័យភាព, ផលប្រយោជន៍អ្នកជំងឺ, មិនបង្កគ្រោះថ្នាក់, និងយុត្តិធម៌) ព្រមទាំងលក្ខខណ្ឌនៃភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ។

សូមជម្រាបជូនថា វេទិកានេះមានអ្នកចូលរួមសរុបប្រមាណ ៣៩៣ នាក់ (ផ្ទាល់ ១២៣ នាក់ និងតាមប្រព័ន្ធ Zoom ២៧០ នាក់)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7