ខេត្តសៀរាប៖ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព គោលការណ៏ណែនាំ ស្តីពីការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ សម្រាប់មណ្ឌលសុខភាព ឆ្នាំ២០០៨ រៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចូលរួមពិគ្រោះយោបល់រួមគ្នា រកចំណុចខ្វះខាតនានា ដែលត្រូវបំពេញក្នុងការធ្វើបច្ចុប្បន្នភាពគោលការណ៏ណែនាំស្តីពីការគ្រប់គ្រងឱសថ បរិក្ខារពេទ្យសម្រាប់មណ្ឌលសុខភាព។
ឯកឧត្តមឱសថបណ្ឌិត បានលើកឡើងអំពីសារៈសំខាន់ នៃការធ្វើបច្ចុបន្នភាពឱ្យបានសមស្របតាមតម្រូវការនៃការវិវត្តន៍ នាពេលបច្ចុប្បន្ន សម្រាប់ការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសារធារណៈ នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស ពិសេសសេវាសុខភាពបឋម។
ការធ្វើបច្ចុប្បន្នភាពឯកសារគិតិយុត្តិ គឺដើម្បីពង្រឹងវិស័យសុខាភិបាលជាយុទ្ធសាស្ត្របញ្ចកោណក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិថ្មី និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តរដ្ឋលេខាធិការ បានជំរុញឱ្យពន្លឿនក្នុងការបញ្ចប់សេក្តីព្រៀងគោលការណែនាំនេះ និងដាក់ស្នើដើម្បីសុំការឯកភាពពីថ្នាក់ដឹកនាំឱ្យបានឆាប់ ដើម្បីដាក់ជូនមន្ត្រីសុខាភិបាលអនុវត្ត។
សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន ៧៥រូប និងមួយចំនួនចូលរួមតាមប្រព័ន្ធប្រជុំនិម្មិត Zoom មកពី ២៥រាជធានី-ខេត្ត ។