រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្តីក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា គោលនយោបាយនេះ រៀបចំឡើង ដើម្បីរួមចំណែកក្នុងការសម្រេចឱ្យបាននូវចក្ឋុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចិរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ ប្រកបដោយចិរភាព និងសេចក្ដីថ្លៃថ្នូរ»។
គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទនេះជាសរសរស្តម្ភមួយ សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានគ្រឹះក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០មានប្រាក់ចំណូលខ្ពស់។
គោលនយោបាយជាតិនេះមានការចូលរួមសហការគ្រប់ក្រសួង ស្ថាប័ន និងមដៃគូអភិវឌ្ឍន៍ រួមគ្នាជាសហថាមពលស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ រួមគ្នាអនុវត្តតាមតួនាទី ភារកិច្ចក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយនេះ មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូត តំណាងអង្គទូត ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ៤៥០ នាក់។