រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកជំងឺមហារីកមាត់ស្បូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំពិនិត្យ វាយតម្លៃលើការទិញសម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់កម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈប្រព័ន្ធនិម្មិត ZOOM។
កិច្ចប្រជុំ បានពិភាក្សាលំលិតទៅលើលក្ខណៈ និងគុណភាពរបស់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដែលត្រូវពិចារណាសម្រេចយក ក្នុងកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ក្រោមគម្រោង H-EQIP 2 ដើម្បីធានាបាននូវប្រសិទ្ធភាពចំណាយ (Cost-effectiveness) និងគុណភាពប្រើប្រាស់រយៈពេលយូរ (Long-term use)។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រីតំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិត ដែលជាក្រុមការងារបច្ចេកទេស តំណាងមន្ទីរពេទ្យកាល់ម៉ែត តំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា តំណាងមជ្ឈមណ្ឌលមេត្តាករុណាកម្ពុជា តំណាងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងអង្គការ WHO, JICA, WB និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៧ រូប។