ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់ក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ នៅសណ្ឋាគារ អង្គរប៉ារាឌី ខេត្តសៀមរាប។
សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
១. ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីសមិទ្ធផលប្រចាំឆ្នាំ បញ្ហាប្រឈម និងមេរៀនដែលបានរៀនរបស់ GMAG
២. ដើម្បីពង្រឹងមុខងារ ការសម្របសម្រួល និងភាពជាអ្នកដឹកនាំរបស់ GMAG គ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល
៣. ដើម្បីតម្រឹមអាទិភាពរបស់ GMAG ជាមួយនឹងគោលនយោបាយបញ្ញាបយេនឌ័រ និងផែនការយុទ្ធសាស្ត្រនៃវិស័យសុខាភិបាល
៤. ដើម្បីកំណត់អត្តសញ្ញាណ តម្រូវការអភិវឌ្ឍន៍សមត្ថភាព និងយន្តការគាំទ្របច្ចេកទេសសម្រាប់សមាជិក GMAG
៥. ដើម្បីរៀបចំផែនការសកម្មភាព GMAG រួមគ្នាសម្រាប់ឆ្នាំ ២០២៦។
ក្នុងឱកាសនេះផងដែរ លោកជំទាវវេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍ឱ្យសិក្ខាកាមចូលរួមយ៉ាងសកម្ម ព្រោះសិក្ខាសាលានេះនឹងនូវផ្តល់ឱកាស ដល់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិធ្វើការឆ្លុះបញ្ចាំងពីអ្វី ដែលដំណើរការបានល្អ និងអ្វីដែលដំណើរការមិនល្អ។
ក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAG) ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញសមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងវិស័យសុខាភិបាល និងរួបរួមគ្នាប្រើប្រាស់ឱកាសនេះ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរួមរបស់យើង បង្កើនការសម្របសម្រួល និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរ បស់យើងក្នុងការធានាគ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងការទទួលបានសេវាសុខភាព ដែលមានគុណភាពនោះទេ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានសមាសភាពចូលរួមប្រមាណ ៥៩រូប ស្រ្តី ៤៩រូប។