រាជធានីភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា
ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា
រដ្ឋលេខាធិការក្រសួងសុខាភិបាល
បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល
ដើម្បីពិភាក្សានិងផ្តល់យោបល់លើការបញ្ចប់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល
២០២៤-២០៣៣។
កិច្ចប្រជុំពិភាក្សានេះ
មានគោលបំណងដូចខាងក្រោម៖
- ពង្រឹងសមត្ថភាពស្ថាប័នក្នុងការធ្វើផែនការធនធានមនុស្សសុខាភិបាល
និងការអនុវត្ត
- ពង្រឹងព័ត៌មានធនធានមនុស្សសុខាភិបាលសម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ
- កសាងសមត្ថភាពស្ថាប័នក្នុងការស្រាវជ្រាវ វិភាគធនធានមនុស្សសុខាភិបាល
និងព្យាករណ៍ពីតម្រូវការអនាគត។
- ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារផ្អែកលើសមត្ថភាព
- ធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគ្លីនិក
- ធ្វើអោយកាន់តែប្រសើរឡើងនូវការរៀបចំការប្រឡងចូលរៀន និងប្រឡងចេញថ្នាក់ជាតិ
- ធ្វើឱ្យមានតុល្យភាពរវាងចំនួនសិស្សចូលរៀន និងកង្វះខាតតាមជំនាញវិជ្ជាជីវៈ
និងតាមភូមិសាស្ត្រ
- ពង្រឹងកម្មវិធីអប់រំមុនពេលបម្រើការងារ ដើម្បីពង្រីក
វិសាលភាពវិជ្ជាជីវៈឱ្យកាន់តែទូលំទូលាយ
- ពង្រឹងការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ
និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈបន្ត
- ធានាឱ្យមានការជ្រើសរើសបុគ្គលិកប្រកបដោយគុណវុឌ្ឍន៍ និងសមធម៌ក្នុងការដាក់ពង្រាយបុគ្គលិកទៅតាមតំបន់ជនបទដាច់ស្រយាល
និងតំបន់ខ្វះខាតបំផុត។
- បង្កើតយន្តការដើម្បីទាក់ទាញ និងរក្សាទុកធនធានមនុស្ស
សុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលជនបទ និងតំបន់ដាច់ស្រយាល។
- ស្វែងរកយន្តការដើម្បីគ្រប់គ្រង
និងនិយ័តកម្មការអនុវត្តការងារពីរកន្លែងឱ្យកាន់តែមានប្រសិទ្ធភាព
- កសាងភាពជឿជាក់ទៅលើគុណភាពសេវា និងវប្បធម៌ពង្រឹងគុណភាពបន្ត
- ពង្រឹងមុខងារគណៈវិជ្ជាជីវៈសុខាភិបាល
- ពង្រឹងការងារចុះបញ្ជិកា និងផ្តល់អាជ្ញាប័ណ្ណ និងបន្តអាជ្ញាប័ណ្ណ
និងធានាឱ្យមានប្រព័ន្ធព័ត៌មានប្រកបដោយភាពសុខដុមរមនា។
- ការពង្រឹងអភិបាលកិច្ចប្រព័ន្ធសុខាភិបាលទាំងអស់
ដើម្បីលើកកម្ពស់ការបញ្ជៀបយេនឌ័រ និងសមធម៌។
សូមបញ្ជាក់ផងដែរថា
កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមដោយ អគ្គាធិការរង អគ្គនាយករង លោក
លោកស្រីដែលជាប្រធាននាយកដ្ឋាន តំណាងអង្គការសុខភាពពិភពលោក តំណាងគណៈគ្រូពេទ្យកម្ពុជា
គណៈទន្តពេទ្យ គណៈឆ្មប ព្រមទាំងលោក លោកស្រី ជាសមាជិកនៃក្រុមលេខាធិការដ្ឋានផងដែរ។