ខេត្តសៀមរាប៖ ថ្ងៃទី១៥ និង ១៦ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពីការពង្រឹងសេវាសមាហរណម្ម និងសម្របសម្រួល ការគាំទ្រពលករទេសន្តរប្រវេសន៍ ដែលត្រឡប់មកកម្ពុជា ដែលបានសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: រួមជាមួយអង្គការ IOM និងដៃគូ នៅខេត្តសៀមរាប។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សេង កក្កដា រដ្ឋលេខាធិការ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: រួមជាមួយលោកស្រី Nellie Ghusayni ប្រធានបេសកកម្ម នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា។
សិក្ខាសាលាបានផ្តោតសំខាន់ លើចំណុចមួយចំនួនដូចខាងក្រោម៖ (១) ពិនិត្យមើលវឌ្ឍនភាពនៃការខិតខំប្រឹងប្រែងថ្នាក់ជាតិ ពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញពីក្រៅប្រទេសរបស់ជនទេសន្ត្រប្រវេសន៍ការងារកម្ពុជា (២)កំណត់រកបញ្ហាប្រឈម កង្វះចន្លោះ និងតម្រូវការជាអទិភាព ក្នុងការបម្រើសេវាដែលមានស្រាប់ និងរចនាសម្ព័ន្ធសហការសម្របសម្រួលរវាងភាគីដៃគូសំខាន់ៗ (៣)ប្រមូលធាតុចូលកម្រិតបច្ចេកទេស សម្រាប់តាក់តែងសេចក្តីព្រាង គម្រោងសេចក្តីណែនាំ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញ នៃជនទេសន្តរប្រវេសន៍ការងារ (៤)ជំរុញការចែករំលែកព៌ត័មាន និងការសន្ទនា រវាងភាគីរដ្ឋាភិបាល សង្គមស៊ីវិល ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងនិងជំរុញ កិច្ចសហការងារ និង(៥)ពិភាក្សា និងព្រមព្រៀងលើជំហានបន្ទាប់ សំខាន់ៗសម្រាប់អនាគត។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង លោក លោកស្រី មកពីអង្គការ IOM អង្គការ ILO តំណាងភ្នាក់ងារជ្រើសរើសពលករ តំណាងពលករចំណាកស្រុក តំណាងអង្គការសង្គមស៊ីវិល និងសហជីព ព្រមទាំងមន្ត្រី នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥០រូប។