Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តបាត់ដំបង៖ ចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញដឹកនាំគ្រប់គ្រង និងបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ នឹងដើម្បីបណ្ដុះបណ្ដាលបន្តអំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូនទៅដល់បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចអំពីសារៈសំខាន់ផ្នែកសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន ក្នុងការជួយសង្រ្គោះអ្នកជំងឺ ជាពិសេសនៅក្នុងបរិបទដែលមានការឈ្លានពានពីប្រទេសថៃ ហើយផ្នែកនេះជាអាទិភាពក្នុងការចូលរួមជួយសង្គ្រោះដល់វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំដល់សិក្ខាកាមទាំងអស់ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរជាងមុន និងធ្វើការចែករំលែកនូវចំណេះដឹងទាំងនេះទៅដល់ក្រុមការងារដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យជាមួយគ្នា ដើម្បីជួយគ្នាក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ប្រធានមន្ទីរពេទ្យខេត្តបាត់ដំបង ក្រុមគ្រូបង្គោលថ្នាក់ជាតិ ក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក ឆ្មប និងសិក្ខាកាម មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10