Cambodia
ព័ត៌មានលំអិត

Image
ការប្រកាសបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ និងលើកទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ សម្រាប់ក្រុម​ប្រឹក្សា​គណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣
ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥​ លោកជំទាវសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួង​សុខាភិបាល បានដឹកនាំបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ និងលើកទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ សម្រាប់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ តាមរយៈប្រព័ន្ធនិម្មិត ZOOM​។


សម្រាប់គោលបំណងនៃកិច្ចប្រជុំខាងលេីគឺមានដូចជា៖

​១. ពិនិត្យ និងវាយតម្លៃលទ្ធផលការងារក្នុងឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣

២. កំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦-២០៣០

៣. ទទួលបានការគាំទ្រ និងមតិផ្ដាំផ្ញើពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល

៤. ពង្រឹងការសហការរវាងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក និងក្រសួងសុខាភិបាល។


​ជាកិច្ចចូលរួមដំបូង​ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា​ បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យសុខាភិបាលពឹងផ្អែកយ៉ាងខ្លាំងលើធនធានមនុស្ស ដែលត្រូវមានសមត្ថភាព និងឯកសារបញ្ជាក់ច្បាស់លាស់ (សញ្ញាបត្រ)​ ជាគុណវុឌ្ឍិព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ការទទួលខុសត្រូវ និងការគោរពតាមដែនកំណត់វិជ្ជាជីវៈ។


ឯកឧត្តមសាស្ត្រាចារ្យ​ ក៏បានលើកឡើងអំពីតួនាទីសំខាន់របស់គណៈវិជ្ជាជីវៈ ដែលរួមមាន ការអប់រំ និងបណ្តុះបណ្តាល ការត្រួតពិនិត្យសមត្ថភាពនៅកន្លែងធ្វើការ និងការជួយលើកស្ទួយការអភិវឌ្ឍវិជ្ជាជីវៈឱ្យមានគុណភាព។


​ជាកិច្ចបន្ទាប់​ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ពីភាពខុសគ្នារវាង គណៈវិជ្ជាជីវៈ និង សមាគម​ ដោយយេីងត្រូវដឹងថាសមាគមមានតួនាទីលើកស្ទួយសមត្ថភាពវិជ្ជាជីវៈ ខណៈដែលគណៈវិជ្ជាជីវៈមានតួនាទីកំណត់ស្តង់ដារ និងការពារប្រយោជន៍សាធារណៈ ស្របតាមច្បាប់។ ឯកឧត្តមសាស្ត្រាចារ្យបានបន្ថែមថា ការអនុវត្តការថែទាំប្រកបដោយក្រមសីលធម៌ខ្ពស់ មិនអាចពឹងផ្អែកលើការដាក់ទណ្ឌកម្មតែប៉ុណ្ណោះទេ​ ប៉ុន្តែត្រូវមានប្រព័ន្ធអប់រំ និងបណ្ដុះ​បណ្ដាលមួយដែលមានស្តង់ដាផងដែរ ហើយដើម្បីឱ្យគណៈវិជ្ជាជីវៈមានភាពរីកចម្រើន ត្រូវអនុវត្តដោយស្មើភាព មានភាពមិន​លំអៀង មានភាពដឹកនាំល្អ (Leadership) មានសុចរិតភាពប្រព័ន្ធ (System Integrity) និងមានការប្រុងប្រយ័ត្នជានិច្ចក្នុងការបំពេញភារកិច្ច។

ជាមួយការប្រកាសបេីកអង្គប្រជុំ​ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ក្រុមការងារគណៈវិជ្ជាជីវៈទាំងអស់ ត្រូវផ្តោតលើការបណ្តុះបណ្តាលជាបន្តបន្ទាប់ ការធ្វើជាគំរូល្អក្នុងការដឹកនាំ មានយុត្តិធម៌ មានសមត្ថភាព ចំណេះដឹង និងបន្តអភិវឌ្ឍខ្លួនជានិច្ច​ រួមទាំងការផ្តល់នូវចំនុចដែលត្រូវអនុវត្តដូចខាងក្រោម៖

១)​ នៅគ្រប់មន្ទីរពេទ្យ​ជាតិ​ មន្ទីរពេទ្យបង្អែកខេត្តក្រុងនិងស្រុក​ មណ្ឌលសុខភាព​ ត្រូវរៀបចំកម្រិតរបស់គិលានុបដ្ឋាក-ឆ្មប​ ជាបីកម្រិត ទៅតាមសមត្ថភាព​ ចំនេះដឹង​ អតីតភាពការងារ​ និងការឆ្លងកាត់នៃវគ្គបណ្តុះបណ្តាលផ្សេងៗ​ ដោយបានយកវគ្គនោះមកធ្វេីការបណ្តុះបណ្តាលបន្ត ដល់សហភាតរ:​ ជាមួយលទ្ធផលផងដែរ

២) ស្របតាមការសង្កេតជាចំនុចមិនទាន់បានល្អប្រសេីរនោះគឺ​ការប្រាស្រ័យទាក់ទង​ និងសូមស្នេីរអោយលោក ជា សុភក្រ្តមុនីរ័ត្ន រៀបចំក្រុមការងារក្នុងការធ្វេីបទបង្ហាញអំពី​ Patient Center Care ដែលមានសារៈសំខាន់ណាស់សម្រាប់គិលានុបដ្ឋាក-ឆ្មប ក្នុងការបម្រើការងារប្រចាំថ្ងៃ​ ជាមួយនឹងគុណភាព​នៃការថែទាំ​ និងសុវត្ថិភាពរបស់អ្នកជំងឺ។ 

ក្នុងឱកាសនេះផងដែរ លោកជំទាវបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរហូតដល់ទទួលបានលទ្ធផលជាផ្លែផ្កា និងអាចរៀបចំអង្គប្រជុំដ៏មានសារៈសំខាន់នេះ ដែលមានតម្លៃយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក និងវិស័យសុខាភិបាលជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីឯកឧត្តមសាស្ត្រា​ចារ្យ​ លោកជំទាវ​ ជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល​ ប្រធាន​ អនុប្រធាន​ តំណាងគណៈវិជ្ជាជិវៈទាំងប្រាំព្រមទាំងប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកតាមសាខាទាំង ២៥ ខេត្ត-ក្រុង​ ប្រធានថែទាំទូទាំងប្រទេសតាមរយៈប្រព័ន្ធនិម្មិត ZOOM​ សរុបចំនួន ៣០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15