Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ទោះក្នុងស្ថានភាពបែបណា មន្រ្តីសុខាភិបាល សូមបន្តថែរក្សា និងតម្កល់ខ្ពស់សេចក្តីថ្លៃថ្នូរ ស្មារតីរឹងមាំ នឹងនរ ប្រកាន់ភ្ជាប់ជានិច្ចក្រមសីលធម៌វេជ្ជសាស្ត្រ ដែលនេះជាភាពរឹងមាំរបស់សុខាភិបាល»
ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ការងារអាទិភាពឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ 

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹក និងមតិណែនាំសំខាន់ៗមួយចំនួនឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា–ថៃ ដោយ៖ ១) មន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ មានភាពម្ចាស់ការ លំនឹងនិងច្បាស់លាស់ទាំងការបម្រើសេវាសុខាភិបាលនៅអង្គភាព និងការងារព្រំដែន។ សូមកុំបណ្តោយឱ្យកើតមានបញ្ហា ក្នុងពេលដែលយើងកំពុងជួបប្រទះបញ្ហា។ ២) សូមលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ការគិតគូរ និងការបំពេញភារកិច្ចសង្គ្រោះប្រជាពលរដ្ឋ និងវីរកងទ័ពឱ្យអស់ពីលទ្ធភាព ៣) សកម្មភាពឆ្លើយតប ត្រូវអនុវត្តដោយការបត់បែន និងត្រៀមនូវផែនការគ្រប់ជំហាន ដើម្បីឆ្លើយតបទៅតាមស្ថានភាពការងារតំបន់ព្រំដែន ៤) ត្រូវភ្ជាប់ខ្លួនជាមួយនឹងដំណើរវិវឌ្ឍន៍នៃស្ថានភាពប្រទេសជាតិ ហើយត្រូវស្ថិតក្នុងភាពច្បាស់លាស់ជានិច្ច ៥) មន្ត្រីសុខាភិបាល ត្រូវមានឥរិយាបថមួយដែលផ្តល់ជាឥទ្ធិពលល្អ ដើម្បីផ្តល់ការជឿទុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈសុខាភិបាល។

ជាទីបញ្ចាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវចលនាគ្រប់កម្រិតក្នុងប្រព័ន្ធសុខាភិបាលចាប់ពីកម្រិតថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ ដល់កម្រិតខេត្ត ដែលមានការចូលរួមសហការគាំទ្រដល់ខេត្តជាប់ព្រំដែន និងការសស្រាក់សស្រាំរបស់មន្រ្តីសុខាភិបាល ដោយមិនគិតពីភាពនឿយហត់ ក្នុងការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព។ 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15