រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានគម្រោង SPESHP ទទួលបន្ទុកបច្ចេកទេស បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយពីក្របខណ្ឌសមត្ថភាពស្នូល សម្រាប់អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ កម្មវិធីសិក្សាជាតិ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអំពីក្របខណ្ឌ សមត្ថភាពស្នូល សម្រាប់អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត កម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដើម្បីសិក្សាស្វែងយល់កាន់តែច្បាស់ អំពីតួនាទីរបស់ គ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនិក ព្រមទាំងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមគោល បំណងនៃកម្មវិធីសិក្សាផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំគម្រោង SPESHP តំណាងធនាគារពិភពលោក មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យបង្អែក វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលរដ្ឋ និងឯកជន សរុបចំនួន ៤០រូប។