Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ»
ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ក្នុងការជំរុញការគិតគូរ យុទ្ធសាស្រ្ត និងរៀបចំផែនការសកម្មភាពជាតិ នៃបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការជួបជុំគណៈកម្មាធិការនាពេលនេះ ពិតជាចំពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបរិស្ថាន អនាម័យ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពនៃការឈ្លាសពាននៅព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បរិស្ថាន និងសុខភាពមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ មានលក្ខណៈប្រទាក់ក្រឡាគ្នា ហើយដើម្បីសម្រេចការងារនេះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ក្នុងការកំណត់អាទិភាពបញ្ហាបរិស្ថាន និងសុខភាព ដោយត្រូវធ្វើផែនការ តាមដាន វាយតម្លៃ និងអនុវត្តវិធានការទប់ស្កាត់ ដែលតម្រូវឱ្យមានភាពជាដៃគូរួមគ្នារវាងភាគីពាក់ព័ន្ធ ទាំងដៃគូកម្រឹតជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវគោលដៅអាទិភាពសំខាន់ៗ ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងសុខុមាលភាពប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ពជួរមុខ៖ ១) សុខភាពប្រជាពលរដ្ឋ និងវីរកងទ័ពជាអាទិភាព ទោះក្នុងស្ថានភាពណាក៏ដោយ ២) ការបម្រើសេវាដោយសមធម៌ ៣) ការពារហានីភ័យដែលអាចកើតមានជាយថាហេតុជំងឺអាសន្នរោគ ជំងឺឆ្លងនានា ៤) គោលការណ៍ គឺមិនទុកចោលប្រជាពលរដ្ឋណាម្នាក់មិនទទួលបានព្យាបាលនោះទេ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍អនុវត្តមួយចំនួន ដល់សមាជិក សមាជិកានៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព៖ ១) ការងារបរិស្ថាន និងសុខភាព ទាមទាឱ្យមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដោយសារជំងឺទាំងអស់មានពាក់ព័ន្ធនឹងបរិស្ថាន ២) ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានផ្ដោតលើសុខភាពជាអាទិភាព ៣) ក្រសួងទាំងឡាយ ត្រូវឆ្លុះបញ្ចាំងពីផលប៉ះពាល់សុខភាពក្នុងវិស័យរបស់ខ្លួន ៤) ចែករំលែកព័ត៌មានទាក់ទងនឹងផលប៉ះពាល់បរិស្ថានឱ្យបានទាន់ពេលវេលា ៥) បញ្ជូលការគាំពារ និងការពារសុខភាពក្នុងផែនការទាំងអស់ និង៦) សុខភាពត្រូវមាននិយាមច្បាស់លាស់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាពនៃក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ក្រុមការងារនៃបច្ចេកទេសនៃក្រសួងសុខាភិបាល សរុបចំនួន ៣៤ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16