រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សិក្សានៅប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ១៥រូប នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឆ្លាតវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងនូវ ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ បន្ថែមពីនោះ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញនូវការរីកចម្រើនរបស់ក្រសួងសុខាភិបាល ក្នុងគោលដៅបម្រើសេវាសុខភាព និងសុខុមាភាពប្រជាពលរដ្ឋ ការពង្រឹងប្រព័ន្ធសុខាភិបាល ឱ្យមានភាពធន់ ការពង្រឹងនូវការដឹកនាំ និងគ្រប់គ្រងមូលដ្ឋានសុខាភិបាល ពង្រឹងគុណភាពបណ្តុះបណ្តាលមន្ត្រីសុខាភិបាល មុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ និងនិយ័តកម្ម ពិសេសការយកចិត្តទុកដាក់ក្នុងការពង្រឹងកែលម្អនូវអាកប្បកិរិយា និងក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំនិស្សិតទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានច្បាស់លាស់ជោគជ័យ ដោយប្រកាន់ខ្ជាប់នូវវិន័យ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ប្រទេសជាតិ។ សូមឱ្យនិស្សិតម្នាក់ៗក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព និងត្រឡប់មកចូលរួម កសាងប្រទេសជាតិយើងឱ្យបានរុងរឿង និងសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។